(កំពង់ចាម)៖ គណៈកម្មាធិការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា ដឹកនាំដោយលោក កេត ច័ន្ទតារា និងលោក នៅ បូរ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា តំណាងលោកបណ្ឌិត សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មាធិការកណ្ដាលអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ចុះព្យាបាល ពិនិត្យសុខភាព និងផ្តល់ជូននូវឱសថដល់ប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
នាឱកាសសនោះដែរ លោក នៅ បូរ៉ា បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត សៀ សុភ័ក្ត្រ ដល់ប្រជាពលរដ្ឋ និងបានលើកចិត្តដល់ប្រជាពលរដ្ឋដែលបានចូលរួមឱ្យមានការថែទាំសុខភាព ដើម្បីចៀសផុតពីជម្ងឺផ្សេងៗ ព្រោះពេលយេីងមានសុខភាពល្អ យើងមានឱកាសធ្វើការ ប្រកបមុខរបរចិញ្ចឹមជីវិត និងកាត់បន្ថយការចំណាយថវិកាក្នុងការព្យាបាលរោគគារផ្សេងៗ និងសូមឱ្យពលរដ្ឋចូលរួមការពារសន្តិភាពដែលមានស្រាប់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ បន្ថែមពីនោះ
លោក នៅ បូរ៉ា បានលើកឡើងថា ក្រុមការងារគ្រីស្ទបរិស័ទតែងតែយកចិត្តទុក្ខដាក់ជីវភាព សុខភាពដោយសេចក្តីស្រឡាញ់ពីព្រះយេស៊ូវគ្រីស្ទដោយមិនប្រកាន់ និន្នាការ ជំនឿរសាសនានោះឡើយ។
នាឪកាសនោះលោកអភិបាលស្រុកកោះសូទិន បានថ្លែងអំណរគុណចំពោះក្រុមការងារយុវជនគ្រីស្ទបរិស័ទកម្ពុជា ព្រមទាំងក្រុមគ្រូពេទ្យដែលមកពីនាយសមុទ្រ បានចំណាយពេលវេលាព្រមទាំងថវិកាដើម្បី សុខមាលភាព សុខភាពប្រជាជនកម្ពុជា ប្រកបដោយកាយវិការមនុស្សធម៌ និងសេចក្តីស្រឡាញ់ផងដែរ។
គូសបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋអញ្ជើញមកពិនិត្យជំងឺប្រមាណជាជាង ៤០០នាក់ ហើយកម្មវិធីបើកពិនិត្យនិងព្យាបាលចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៤:៣០ល្ងាច ស្ថិតនៅភូមិឃុំខាងលើ ដោយបានពិនិត្យនិងពិគ្រោះជំងឺដោយឥតគិតប្រាក់ពីប្រជាពលរដ្ឋនោះឡើយ៕