(ភ្នំពេញ)៖ និយ័តករសន្តិសុខសង្គម និងអង្គការអុកស្វាមបានរៀបចំវេទិកាស្តីពី «សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងបរិយាបន្ន» ដើម្បីជំរុញផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងឱ្យបានកាន់តែទូលំទូលាយដល់សាធារណៈជនអំពី វឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងសារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុង ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម។

លោក តាន់ វិសាល, តំណាងអង្គការអុកស្វាម (OXFAM) សម្តែងនូវការសាទរចំពោះ វឌ្ឍនភាពនៃការផ្តល់អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និយាយដោយឡែក និងនិយាយជារួម ប្រព័ន្ធ គាំពារសង្គមទាំងមូលរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវ គោលនយោបាយនានា ជា បន្តបន្ទាប់ ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពរឹងមាំ និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពសុខាភិបាល និងសុខុមាលភាព, ពង្រឹងលទ្ធភាពរបស់ពលរដ្ឋ និងស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នានាដែល បណ្តាលពីគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតសកលនានា។

លោកបន្ថែមថា «ទន្ទឹមនេះ ខណៈដែលគោលនយោបាយគាំពារសង្គមនៅកម្ពុជា បាននឹងកំពុងបោះជំហានទៅមុខយ៉ាងរលូនពិតមែនក្តី កម្ពុជាយើងនៅមានចំណុចអាទិភាពជាច្រើនទៀតផងដែរ ដែលជំរុញឱ្យយើងសហការគ្នាពិនិត្យ និងដោះស្រាយ។ បញ្ហាប្រឈមទាំងនោះរួមមាន៖ ក). ភាពចាំបាច់ក្នុងការពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម ខ).ការចុះបញ្ជិការ និងបង់វិភាគទានរបស់រោងចក្រសហគ្រាស គ). ការគ្របដណ្តប់ និងអត្ថប្រយោជននៃរបបសន្តិសុខសង្គម ឃ).គុណភាព និងសេវាសុខាភិបាល និង ង). កញ្ចប់ថវិកាវិនិយោគរបស់រដ្ឋ។

លោក បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម លើកឡើងថា ការរៀបចំវេទិកាពិភាក្សាផ្សព្វផ្សាយ នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ អំពី វឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងសារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដល់ភាគីពាក់ព័ន្ធ ជូនសមាជិកក្នុងប្រព័ន្ធសន្តិសុខសង្គម និង សាធារណជន ក៏ដូចជាបង្កើតជាវេទិកាវេទិការសម្រាប់គ្រប់ភាគីពាក់ព័ន្ធ បានពិភាក្សាផ្តោះប្តូរយោបល់ និងចែករំលែកបទពិសោធន៍លើការផ្តល់ និងការទទួលប្រើប្រាស់សេវាសន្តិសុខសង្គម ដែលជាធាតុចូលក្នុងការគិតគូរដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត របបសន្តិសុខសង្គម នាថ្ងៃខាងមុខដើម្បីរៀបចំកសាងប្រព័ន្ធសន្តិសុខសង្គមមួយដ៏រឹងមាំ ប្រកបដោយ គណនេយ្យភាព និងបរិយាបន្ន។

លោកបានបន្តថា កំណើននៃការប្រើប្រាស់ និងជំនឿទុកចិត្តរបស់ពលរដ្ឋមក លើបណ្ណ ប.ស.ស. ក្នុងការថែទាំសុខភាពរបស់ពួកគាត់ ក្នុងរយៈពេលប្រមាណជាង៣ឆ្នាំចុងក្រោយ នេះ មានការការកើនឡើងជាបន្តបន្ទាប់ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងភាគីពាក់ព័ន្ធនានា និងជាពិសេសវត្តមានរបស់ និយ័តករ សន្តិសុខសង្គម ក្នុងការដែលបានចូលរួមជ្រោមជ្រែងលើ ការធានាបាននូវប្រតិតុល្យការ (check and balance) ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការបង់ភាគទានពីសមាជិក និងការរួមគ្នាកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធសន្តិសុខសង្គម ដើម្បីអាចពង្រីក វិសាលភាព និងដើម្បីធានាបានូវចីរភាពនៃប្រព័ន្ធនេះ ក៏ដូចជាការលុបបំបាត់ និងបន្សាបនូវព័ត៌មានក្លែងក្លាយ ការមួលបង្កាច់ និងការប្រឌិតពាក់ព័ន្ធនឹងដំណើរការក្នុងប្រព័ន្ធសន្តិសុខសង្គមសំដៅធ្វើ យ៉ាងណាលើកកម្ពស់សុខភាព និងការរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរផងដែរ៕