(ពោធិ៍សាត់)៖ ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ បានជាប់ឈ្មោះជាស្រុកទេសចរណ៍ល្បី និងទាក់ទាញរបស់ខេត្ត បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ ទឹកដីស្រុកវាលវែង កំពុងអភិវឌ្ឍខ្លួនលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋានតំបន់ទេសចរណ៍ ព្រៃភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត។
ប្រសិនបើភ្ញៀវទេសចរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ នឹងបានទៅដល់រង្វង់មូលប្រមោយ ដែលជាទីរួមស្រុកវាលវែង។ ជម្រើសទីមួយ ប្រសិនបើធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។
ប្រសិនបើធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើភ្នំផងដែរ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ ចេញពីរង្វង់មូលប្រមោយប្រមាណ៣០គីឡូម៉ែត្រ រួចមកនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ហើយនៅជើងភ្នំមានហាងកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់អមនឹងបរិយាកាសគួរជាទីគយគន់ បន្ទាប់មកមានផ្លូវបត់បែនឡើងទម្លុះដល់ឃុំថ្មដាដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។
នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។ បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតមាត់ផ្លូវធ្វើដំណើរមិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។
ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយគន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត។ ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់អ្នកទេសចរគ្រប់ៗគ្នា។
ចេញពីតំបន់ស្ទឹងមេទឹកនេះ ភ្ញៀវទេសចរអាចឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេងខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។ ក្រៅពីកន្លែងដែលបានរៀបរាប់ខាងលើ នៅមានរមណីយដ្ឋានស្អាតៗជាច្រើនទៀតនៅស្រុកវាលវែង ដែលតម្រូវចិត្តភ្ញៀវទេសចរចូលចិត្តថតរូបមិនជិនណាយ។
បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដោយឡែកនៅក្នុងឃុំអូរសោម ស្រុកវាលវែង គឺទីតាំងមួយដែលមានសក្តានុពលខ្លាំងជាងគេ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្ត មានដូចជាតំបន់ទឹកធ្លាក់ ទេសចរណ៍សត្វក្រពើភ្នំ កសិដ្ឋានបន្លែ និងទំនប់វារីអគ្គិសនីដ៏ធំនៅក្នុងខេត្ត។
លោកអភិបាលខេត្ត បានបន្តថា ឃុំអូរសោម មានអាកាសធាតុត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងផ្លូវងាយធ្វើដំណើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាព ស្រុកវាលវែង ក៏ដូចជាឃុំអូរសោម ដែលពីអតីតកាលមិនសូវមានប្រជាពលរដ្ឋធ្លាប់បានលឺឈ្មោះ ប៉ុន្តែ បច្ចុប្បន្នននេះ អូរសោម ត្រូវបានក្លាយជាទីតាំងមួយដ៏មានសក្តានុពលជាខ្លាំងសម្រាប់ការចូលរអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បើតាមលោក ធាង ឡេង អភិបាលស្រុកវាលវែង បានលើកឡើងថា អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញ៉ាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែង កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នេះមិនទាន់និយាយអំពីតំបន់ទេសចរណ៍ផ្សេងៗទៀត ដែលកំពុងត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរនោះនៅឡើយ។ នៅតាមផ្លូវដំណើរ ជីវភាពប្រជាជនមានការរស់នៅសម្បូរសប្បាយ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះរបស់ប្រជាជន។
លោកអភិបាលស្រុកបានបន្ថែមថា ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែង ក្នុងខេត្តពោធិ៍សាត់ តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង រង្វង់មូលដំរី នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម។ នេះដោយសារតែទឹកដីនៃស្រុកវាលវែង បានលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក្រោមម្លប់ «សន្តិភាព» ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចធ្វើដំណើរបានស្រួល ទៅកាន់រមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ដែលជាប់នឹងព្រំដែនខេត្តត្រាត ប្រទេសថៃ។
គួរឱ្យដឹងថា ថ្មីៗនេះ មន្ទីរទេសចរណ៍ខេត្តពោធិសាត់ បានចុះសិក្សា និងសម្របសម្រួលជាមួយរដ្ឋបាលស្រុកវាលវែង មន្ទីរបរិស្ថាន និងរដ្ឋបាលឃុំថ្មដា ដើម្បីពិភាក្សាបង្កើតគណៈកម្មការបណ្ដោះអាសន្នគ្រប់គ្រងគោលដៅទេសចរណ៍ផ្សងព្រេងភ្នំព្រះ ដែលជាផលិតផលទេសចរណ៍ផ្សងព្រេង ដ៏មានសក្ដានុពលមួយរបស់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕