(ម៉ូស្គូ)៖ «យុទ្ធសាស្ត្រហិតក្លិនម្ហូបអ្នកដទៃដើម្បីទំពារបាយខ្លួនឯង» គឺជាអ្វីដែលលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានហៅទៅលើយុទ្ធសាស្រ្តនយោបាយរបស់ក្រុមប្រឆាំងរដ្ឋាភិបាល ដែលបានប្រើដដែលៗអស់រយៈជិត៣០ឆ្នាំហើយ។ ការលើកឡើងរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងនៅក្នុងដំណើរពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី វិលត្រឡប់មកកាន់មាតុភូមិវិញក្រោយបំពេញបេសកម្មរួចរាល់។
ការអត្ថាធិប្បាយរបស់លោកបណ្ឌិត មានក្លឹមសារដូចតទៅ៖ «រយៈពេលជិត៣០ឆ្នាំប្លាយហើយ ដែលក្រុមប្រឆាំងនៅកម្ពុជាប្រើយុទ្ធសាស្ត្រនយោបាយដដែលៗ គឺឱ្យតែមានបម្រែបម្រួលនយោបាយនៅប្រទេសដទៃ ដែលផ្តល់ប្រៀបដល់បក្សប្រឆាំង មិនថានៅក្បែរខាងកម្ពុជា នៅក្នុងតំបន់ ឬនៅឆ្ងាយហៅមិនឮ អ្នកនយោបាយប្រឆាំង និងអ្នកមាននិន្នាការប្រឆាំងខ្មែរតែងតែបាចសាចសារនយោបាយចាក់ដោតបញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់គណបក្សកាន់អំណាច ឱ្យប្រឆាំងរដ្ឋាភិបាលដោយផ្សារភ្ជាប់ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា។
ក្រុមប្រឆាំងតែងប្រៀបធៀបស្ថានភាពកម្ពុជាទៅនឹងស្ថានភាពនៃប្រទេសផ្សេងៗដែលមានភាពវឹកវរនយោបាយ ឬបក្សប្រឆាំងឈ្នះឆ្នោត ជាដើម ដូចជាករណីវឹកវរនយោបាយនៅប្រទេសវេណេហ្ស៊ុយអេឡា ឆ្នាំ២០១៩ ដែលបង្កឡើងដោយលោក ជួន កៃដូ (Juan Guaido) មេបក្សប្រឆាំង ដែលប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី បក្សប្រឆាំងស្រុកខ្មែរអំពាវនាវប្រជាពលរដ្ឋខ្មែរ ឱ្យធ្វើដូចវេណេហ្ស៊ុយអេឡាដែរ, ព្រឹត្តិការណ៍បោះឆ្នោតនៅប្រទេសថៃឆ្នាំ២០២៣ ដែលគណបក្សចលនាឆ្ពោះទៅមុខ(MFP) របស់លោក ភីថា លីមចារឿនរ៉ាត់ (PiTa Limjaroenrat) ទទួលបានសំឡេងភាគច្រើន បក្សប្រឆាំងស្រុកខ្មែរស្រែកថា ប្រជាពលរដ្ឋប្រើសិទ្ធិផ្លាស់ឱ្យទាល់តែបាន ហើយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងផ្លាស់ប្តូរដែរ។
ករណីថ្មីៗបំផុតគឺភាពវឹកវរចលាចលនយោបាយនៅបង់ក្លាដេសដែលផ្តើមចេញពីការទុកូតាពិសេសសម្រាប់តំណែងរដ្ឋការទុកជូនកូនចៅឥស្សរជន បក្សប្រឆាំងស្រុកខ្មែរ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនក្រោកឡើងធ្វើដូចបង់ក្លាដេសដែរ។ និយាយរួមទៅ ឱ្យតែមានភ្លើងឆេះនៅផ្ទះគេ បក្សប្រឆាំងនាំប្រជាពលរដ្ឋខ្មែរឱ្យហឹតផ្សែងហើយ។ នេះជាយុទ្ធសាស្ត្រហិតក្លិនម្ហូបអ្នកដទៃដើម្បីទំពារបាយខ្លួនឯង ដែលគ្មានឱជារសអ្វីទាំងអស់ គឺជាខ្យល់សុទ្ធសាធ។
ឥឡូវនេះ ក្រុមប្រឆាំងខំប្រឹងរុញបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីអូសទាញប្រជាពលរដ្ឋមួយចំនួនឱ្យធ្លាក់ចូលក្នុងល្បែងនយោបាយអំណាចរបស់ខ្លួន និងរុញច្រានឱ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ ចលាចលសង្គម និងមហន្តរាយផ្សេងៗ ដូចនៅបង់ក្លាដេស»។
ជាមួយគ្នានេះប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋថា៖«សូមបងប្អូនប្រជាពលកុំជឿការឃោសនារបស់អ្នកមានគំនិតទ្រូសជាតិ សូមមានជំនឿនិងទំនុកចិត្តលើរដ្ឋាភិបាល បើរដ្ឋាភិបាលក្បត់ទំនុកចិត្តបងប្អូន, បងប្អូនបោះឆ្នោតទម្លាក់រដ្ឋាភិបាលទៅក្នុងរយៈរយៈពេល៥ឆ្នាំម្តង សន្លឹកឆ្នោតនៅក្នុងដៃរបស់បងប្អូនទេ។ សូមនាំគ្នារក្សាស្ថិរភាពជាតិទាំងគ្នា ដើម្បីខ្លួនយើង គ្រួសារយើង កូនចៅយើង និងជាតិយើងទាំងអស់គ្នា»។
ទន្ទឹមគ្នានេះ លោកបណ្ឌិត គិន ភា ក៏បានសូមឱក្រុមបក្សប្រឆាំងទាំងឡាយ ល្មមឈប់ប្រើប្រាស់យុទ្ធសាស្ត្រហិតក្លិនម្ហូបអ្នកដទៃដើម្បីទំពារបាយខ្លួនឯងហើយ គួរមានយុទ្ធសាស្ត្រនយោបាយផ្ទាល់ខ្លួនដែលមានស្មារតីជាតិពិតប្រាកដ៕