(ត្បូងឃ្មុំ)៖ បើស្រឡាញ់ជាតិ ស្រឡាញ់សុខសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋទាំអស់ ជាពិសេសយុវជន ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នឹងបន្តថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យបាត់បង់នោះឡើយ។
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះគំនិត ពន្លកបៃតង» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខណៈក្រុង-ស្រុកទាំង៧ ទូទាំងខេត្ត បានរៀបចំដាំរួមគ្នា ក្នុងថ្ងៃនេះដូចគ្នា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំថ្នាក់ជាតិ និងក្រោមជាតិ មន្ទីរអង្គភាពពាក់ព័ន្ធ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ យុវជនសសយក សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ ។
មានប្រសាសន៍នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចការងារដែលយើងបានរួមគ្នាធ្វើឡើងនាពេលនេះ គឺជាការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផង ក៏ដូចជាចូលរួមបណ្តុះស្មារតីពលរដ្ឋយើងឱ្យយកចិត្តទុកដាក់រក្សាការពារស្រឡាញ់បរិស្ថានកាន់តែទ្វេរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក ចាយ បូរិន បានលើកឡើងផលប្រយោជន៍ដ៏មហាសាល ពីព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយត្រូវបានដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
ជាពិសេសទៀតនោះ លោករដ្ឋមន្ត្រី ចាយ បូរិន ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រុមប្រឆាំងមួយ ចំនួនតូចនៅក្រៅប្រទេសបានធ្វើបាតុកម្ម និងបានគៀងគរប្រជាពលរដ្ឋនៅក្នុងស្រុកឲ្យក្រោកឡើងប្រឆាំងនឹង រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទ ប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដី ចំនួន៤ខេត្ត។
ហើយបើទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចេញមកធ្វើការ បកស្រាយ និងពន្យល់ជាច្រើនដងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនស្តាប់ការ ពន្យល់នោះទេ។
ផ្ទុយទៅវិញពួកគេយកបញ្ហា CLV នេះដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោកឡើងធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់ ដើម្បីធ្វើឱ្យប្រទេសជាតិឈានទៅរកការបែកបាក់ និងផ្ទុះសង្រ្គាមសារជាថ្មី ធ្វើឱ្យប្រជាជនរងទុក្ខវេទនាដូចកាលសម័យខ្មែរក្រហម។
ជាចុងក្រោយ លោក ចាយ បូរិន បានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយអោយគង់វង្សយូរអង្វែង ដើម្បីឲ្យកម្ពុជា បន្តអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕