(ប៉ៃលិន)៖ ក្នុងឱកាសចុះល្បាតពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ។
លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំអោយមើលស្រាលសភាពការណ៍ព្រោះថា ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ គឺពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហិង្សាតែម្តង ដូច្នេះកម្លាំងទាំងអស់ ត្រូវតែម៉ត់ចត់បំផុត បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំ និងធ្វើកំណត់ហេតុអោយបានច្បាស់លាស់ ជាពិសេសកងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងពីស្ថានភាព នៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាកងកម្លាំងទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕