Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកមិញ សម្តេច ហេង សំរិន និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តថ្កូវ ខេត្តត្បូងឃ្មុំ

25-09-2016 15:29

(ភ្នំពេញ)៖ បន្ទាប់ពីនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលជូនមាតា បិតា និងសាច់ញាតិការ ដែលបានចែកឋានទៅលោកខាងមុខនៅមហាចេតីយ៍រួចមក សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រីព្រមទាំងក្រុមគ្រួសារ សមាជិក សមាជិកា រដ្ឋសភាមួយចំនួន ទីប្រឹក្សានិងសហការី បានអញ្ជើញកាន់បិណ្ឌទី៩ ថ្ងៃទី២៥ ខែកញ្ញានេះ នៅវត្តសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យកាន់បិណ្ឌនេះ ក៏មានការអញ្ជើញចូលរួមពី លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យុវនីតិសម្បទា និងអតីតយុទ្ធជន និងលោកស្រី រួមជាមួយបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធរូប និងបង្សុកូលសមាទានសីលរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ និងបងប្អូនពុទ្ធ បរិស័ទជិតឆ្ងាយ បានអញ្ជើញ រាប់បាត្រ និងវេចង្ហាន់ប្រគេនព្រះសង្ឃទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូនជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខ សូមបានដល់ឋានសុខតិភពកុំបីឃ្លាងឃ្លាតឡើយ និងសូមបួងសួងឱ្យកូនចៅនៅខាងក្រោយជួបតែសេចក្តីសុខរីកចម្រើនរកស៊ីមានបាន និងមានអាយុយឺនយូរ។

ក្នុងពីធីបុណ្យកាន់បិណ្ឌនេះដែរ សម្តេចចក្រីប្រធានរដ្ឋសភា និងលោកស្រី ក៏បាននាំយកទេយ្យទានមួយចំនួន និងថវិកាផ្ទាល់របស់សម្តេចចំនួន ៥លានរៀល ប្រគេនដល់ព្រះសង្ឃ និងចែកជូនតាជី យាយជី នូវក្រណាត់សរ និងថវិកាមួយចំនួនផងដែរ៕