(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី រួមជាមួយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ធនធានទឹក សម្រាប់ពហុវិស័យ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៃប្រព័ន្ធទំនប់អាងទឹកអូរតេ និងទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រ ក្រុងសែនមនោរម្យ និងស្រុកអូរាំង ខេត្តមណ្ឌលគិរី។
លោករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ទំនប់អាងទឹកដ៏ធំទាំងពីរនេះ គឺជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ ខេត្តក្នុងតំបន់ភូមិភាគឦសានដែល រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយបណ្តាអាងទឹកក្នុងតំបន់នេះ ក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឲ្យបណ្តាខេត្តភូមិភាគឦសាន បង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងបង្កើតបាន នូវបរិស្ថានបៃតង គ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា គម្រោងនេះ ក៏នឹងជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែ កើតមានឡើង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃមោះមុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៅតាមទំនប់អាងទឹកដូចជា៖ ទី១) ទំនប់អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូរាំង មានទំនប់ស្ទាក់ទឹក បេតុងប្រវែង ៣០៦ម៉ែត្រ, ទី២) អាងទឹកទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និងទី៣) អាងទឹកទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ពហុវិស័យកសាងប្រព័ន្ធទំនប់អាងទឹកអូរតេ និងអាងទឹក ទំនប់លើទំនប់ក្រោម ដែលអាចស្តុកទឹកសម្រាប់បម្រើឲ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួនប្រមាណ១២លានម៉ែត្រគូប និងជាប្រភពទឹករស់សម្រាប់បម្រើឲ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន ប្រទេសកម្ពុជា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)៕