(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺន រក្សាសណ្តាប់ធ្នាប់របស់កម្លាំងកងអត្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ផលប្រយោជន៍ជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយឆន្ទៈរបស់ ប្រជាជនដ៏ច្រើនលើសលប់តាមការបោះឆ្នោតលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន គឺមានក្រុមតវ៉ាត្រៀមកាំភ្លើង ត្រៀមគ្រាប់បែកកែច្នៃ និងដ្រូន ដើម្បីបាញ់ហើយតដៃជាមួយសមត្ថកិច្ច។ ជាមួយអំពើក្បត់នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងអាវុធហត្ថកម្ទេចចោលភ្លាម ដើម្បីការពារអាយុប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
នាយឧត្តមសេនីយ៍ សៅ សុខា បានពន្យល់អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ និងបញ្ជាក់ពីឧបាយកលពួកប្រឆាំងប្រឌិតព័ត៌មានប្រើលេសបាត់បង់ទឹកដីដើម្បីកៀរគរមនុស្សឲ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាស ឆក់ប្លន់លួច និងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជាការឆ្លើយតបជាមួយក្រុមប្រឆាំងមួយក្តាប់តូចនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាយ៉ាងដាច់ណាត់ឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាយុវជនជំនាន់ក្រោយ៕