(សៀមរាប)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លើកឡើងថា កម្ពុជាត្រៀមស្វាគម៍ភ្ញៀវទេសចរឥណ្ឌា ដែលនឹងមកទស្សនាកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់សមាគមទីភ្នាក់ងារទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌា ហៅកាត់ថា (TAFI) មកកាន់កម្ពុជា ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេស តំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាប ទៅដល់ប្រជាពលរដ្ឋឥណ្ឌាឲ្យបានទូលំទូលាយ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី ឆាយ ស៊ីវលីន ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងរាត្រីវប្បធម៌ អាហារពេលល្ងាចជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា «Gala Dinner» ដើម្បីស្វាគមន៍គណៈប្រតិភូ TAFI-NI និងប្រារព្ធពិធីសម្ពោធឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ នៅរាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក Khushvinder Sarna ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា និងតំណាងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី ជាទីភ្នាក់ងារទេសចរណ៍ចូលរួមផងដែរ។
លោកស្រី ឆាយ ស៊ីវលីន បានបន្តថា សមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា (TAFI)និងភាគច្រើនពួកគាត់មកពីញ៉ូដេលី ដោយសារយើងមានជើងហោះត្រង់ទៅកាន់ញ៉ូដេលី ដូច្នេះហើយទើបយើងអញ្ជើញពួកគាត់មកទស្សនកិច្ចនៅកម្ពុជាចំនួន៤០នាក់ និងស្នាក់នៅកម្ពុជារយៈ០៥ថ្ងៃ មកទស្សនកិច្ចសិក្សាដើម្បីបង្ហាញអំពីសក្តានុពលនៃតំបន់ទេសចរនៅកម្ពុជា រួមមាន៖ តំបន់វប្បធម៍ តំបន់អេកូទេសចរណ៍ និងតំបន់ឆ្នេរផងដែរ។
លោកស្រី បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា (TAFI) ដើម្បីផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជា ហើយពួកគាត់៤០នាក់នេះ គឺសុទ្ធសឹងតែជាប្រធានទីភ្នាក់ងារទេសចរណ៍ឥណ្ឌា ហើយគាត់នឹងទាក់ទាញទេសចរមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
លោកស្រី បន្តថា CATA ក៏ត្រៀមស្វាគមន៍សមាជិករបស់ TAFI ផ្សេងៗទៀតមកកាន់កម្ពុជា ព្រោះនេះជាចំណែកតូចប៉ុណ្ណោះដែលមកនៅពេលនេះ គឺនៅមានសមាជិកជាច្រើនទៀត ប្រសិនបើសមាជិកណាដែលចាប់អារម្មណ៍មកលើទីផ្សាររបស់កម្ពុជា នឹងមកនៅពេលបន្តបន្ទាប់ទៀត។
លោក ង៉ូវ សេងកាក់ បានថ្លែងអំណរគុណចំពោះការជ្រើសរើសខេត្តសៀមរាបសម្រាប់ ជាទីតាំងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីជួបជុំបដិសណ្ឋារកិច្ចជូនដល់ សមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា ក្នុងគោលបំណងសំណេះសំណាល និងផ្សព្វផ្សាយអំពីទីផ្សារទេសចរណ៍ របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសឥណ្ឌា។ លោកបន្តថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏ស័ក្តិសមសម្រាប់ប្រជាជនឥណ្ឌា ពីព្រោះតែភាពសំបូរបែបទៅដោយតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ធម្មជាតិ និងរមណីយដ្ឋានវប្បធម៌ដ៏ចំណាស់នៅអាស៊ី អាគ្នេយ៍ ដែលមានវប្បធម៌ អរិយធម៌ ស្រដៀងគ្នានឹងវប្បធម៌អរិយធម៌ឥណ្ឌា។
លោកបានបន្តថា លើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាបបាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍របស់ ខ្លួនឱ្យកាន់តែល្អប្រសើរ តាមរយៈនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺ ផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពស្រស់បំព្រង ពិសេសលើកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយ និរន្តរភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជម្រុញឱ្យខេត្ត សៀមរាបក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ក៏ដូចជាសម្រាប់ជាតិទាំងមូល។
លោកបានបន្តទៀតថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្ត-ក្រុងសម្ព័ន្ធមេត្រី និងប្រតិបត្តិករទេសចរណ៍នានា និងជំរុញឱ្យមានភាពងាយស្រួលដល់ការវិនិយោគលើវិស័យទេសចរណ៍ព្រមទាំងបានអនុវត្ត យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រជាប្រចាំនិងពិធីបុណ្យ ជាច្រើនទៀតដូចជា៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិធីបុណ្យអុំទូក និងការរត់ប្រណាំងម៉ារ៉ាតុង និងរៀបចំទិវាយោគៈអន្តរជាតិ (International day of Yoga) ជារៀងរាល់ឆ្នាំ ព្រមទាំងបាននឹងកំពុងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗទៀតក្នុងគោលដៅដើម្បីជំរុញផ្សព្វផ្សាយទេសចរណ៍ និងផ្សាភ្ជាប់ខេត្តសៀមរាបជាមួយបណ្តា ប្រទេសនានាក្នុងតំបន់និងពិភពលោក។
ជាមួយនេះដែរ លោកសង្ឃឹមនឹងមានកំណើននៃភ្ញៀវទេសចរឥណ្ឌាអញ្ជើញមកទស្សនាកម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាប តាមរយៈជំរុញឱ្យមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកាន់ខេត្តសៀមរាប និងពីសៀមរាបទៅប្រទេសឥណ្ឌា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាការចាប់ដៃធុរៈកិច្ច រវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរតាមរយៈការជំរុញ និងសម្របសម្រួលរវាងសមាគមន៍ទេសចរណ៍ឥណ្ឌា និងកម្ពុជាផងដែរ៕