(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបទបញ្ជារបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ជូនដល់កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង។ កិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំផុសបំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ថា ជាការបាត់បង់ដីទៅឲ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនមួយចំនួន ដែលមិនយល់ពីការពិត ទោះបីមានការពន្យល់ណែនាំការពិតជាក់ស្តែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីស្ថាប័នជំនាញ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលុប។
ឧត្តមសេនីយ៍ទោ បានផ្សព្វផ្សាយអំពីបទបញ្ជាសំខាន់ៗរបស់ មេបញ្ជាការកងទ័ពជើងគោក ដែលយោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ មានភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវលះ បង់គ្រប់បែបយ៉ាង ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបានសេចក្តីសុខសាន្តរបស់ប្រជាជន។
រក្សាការពារឲ្យបានសន្តិភាព និងការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវប្រុងប្រៀបខ្លួនសម្ភារប្រើប្រាស់គ្រឿងបំពាក់ និងបណ្ដាកិច្ចការធានាផ្សេងៗឲ្យបានគ្រប់គ្រាន់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីត្រៀមចល័ត អន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងភារកិច្ច ការពារសន្តិភាព និងចូលរួមសហការរក្សាសណ្ដាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្ត ជូនប្រជាជនកម្ពុជា ឱ្យបានជាដាច់ខាត៕