(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីអបអរសាទរទិវាជនជាតិដើមភាគតិច ពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជាក្រោមប្រធានបទ «ការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត»។ ពិធីនេះបានធ្វើឡើងព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤ នៅបរិវេរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម ស្ថិតក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ក្រោមវត្តមានលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី។
ថ្លែងនៅក្នុងពិធីនេះ លោកវ៉ាន់ សោភា បានលើកឡើងថា ការរៀបចំពិធីអបអរសាទរទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទ «ការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណី ជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត» នាឱកាសនេះ គឺស្ថិតក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងជាសក្ខីភាពមួយបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តយកចិត្តទុកដាក់ ដល់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាស និងសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិយោបល់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអភិវឌ្ឍគម្រោងនានា ស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកអភិបាលរងខេត្តបានបន្តថា ដោយយោងតាមគោលនយោបាយ ច្បាប់ អនុក្រឹត លិខិតុបករណ៍ ក្នុងការទទួលស្គាល់ និងការពារសិទ្ធិជនជាតិដើមភាគតិច និងយោងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានសម្រេចឱ្យមានទិវាអន្តរជាតិ នៃជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃទី៩ ខែសីហា នេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដោះស្រាយបញ្ហានានាដែលប្រឈមចំពោះ ជនជាតិដើមភាគតិច ក្នុងវិស័យមួយចំនួនដូចជា អប់រំ សុខភាព សិទ្ធិ មនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ចូលរួមថែរក្សាវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ និងភាសាជនជាតិដើមភាគតិច ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក វ៉ាន់ សោភា ក៏បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច អំពីសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០នោះគឺ «ព្រែកជីកហ្វូណនតេជោ» ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបម្រើផលប្រយោជន៍វិស័យសេដ្ឋកិច្ច សង្គម ការដឹកជញ្ជូនវិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យជាច្រៀនទៀត ព្រមទាំងបានបន្សល់ជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។
លោកបានលើកឡើងផងដែរទាក់ទងនឹងកិច្ចសហការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV_DTA)គឺដើម្បីតភ្ជាប់នូវពាណិជ្ជកម្ម និងបង្កើននូវកសិ-ពាណិជ្ជកម្ម ត្រីភាគី សំដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសគឺកាត់បន្ថយកម្លាតសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខេត្តតំបន់ដាច់ស្រយ៉ាល និងរាជធានីភ្នំពេញ៕