(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាត ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
លោកស្រី ឃួន ឃុនឌី បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែសីហា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រីបានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នា សម្រេចបានសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅមុខ តែនៅមានមន្ត្រីមួយចំនួន ហាក់មើលស្រាលការងាររបស់ខ្លួន ពិសេសត្រូវពង្រឹងការងារ នៅមូលដ្ឋានឡើងវិញ។
ទន្ទឹមនឹងលទ្ធផលនេះ លោកស្រីបានស្នើឲ្យក្រុមការងារ ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារ សំខាន់ៗរួមមាន៖ ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាត សកម្មភាពបច្ចាមិត្តនានា និងបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋ នៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
មួយវិញទៀតលោកស្រី បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវា សាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាពដើម្បី ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។
ពិសេសនោះ សម្តេចបានខិតខំប្រឹងប្រែងតាំងពីបាទដៃទទេ ដើម្បីឲ្យប្រទេសបានឈរលើឆាកអន្តរជាតិទទួលស្គាល់ និងក្នុងនោះ ត្រូវផ្សព្វផ្សាយសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឲ្យដល់ប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់ ពីអត្ថប្រយោជន៍កិច្ចសហប្រតិបត្តិការនេះ និងសូមប្រឆាំងដាច់ខាត និងសូមថ្កោលទោសចំពោះពួកជ្រុលនិយម ដែលញុះញង់បង្កចលាចល និងអសន្តិសុខក្នុងសង្គមជាតិ ។
លោកស្រី ឃួន ឃុនឌី បានជំរុញឲ្យមានការពន្យល់ណែនាំ ទៅដល់សមាជិក និងខិតខំពង្រីកនូវសមាជិកថ្មី ដោយរក្សាចាស់បង្កើនថ្មី និងមានភាពសាមគ្គីភាពគ្នាល្អ៕