(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះចំពោះការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតរបស់ប្រទេសចិន ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនខ្លួនឯងផង និងប្រជាពលរដ្ឋក្នុងពិភពលោកផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ចាប់ពីតាំងឆ្នាំ១៩៧៨មក កំណែទម្រង់ និង ការបើកទូលាយ គឺជាគោលនយោបាយជាតិជាមូលដ្ឋានមួយ រហូតមករបស់ប្រទេសចិន។ ការធ្វើកំណែទម្រង់របស់ប្រទេសចិននេះ គឺជាការចាប់យ កគោលដៅសេដ្ឋកិច្ចថ្មីមួយដោយកែទម្រង់ ពិសេសសេដ្ឋកិច្ចផែនការមកទីផ្សារបែបផែនសេដ្ឋកិច្ចសេរី ដែលបើកទូលាយដល់ការអភិវឌ្ឍ នៅក្នុងវិស័យសហគ្រាស ផលិតកម្ម និងពាណិជ្ជកម្ម។
ឯកឧត្តមបន្តថា ការបើកទីផ្សារទូលាយនេះ រួមផ្សំជាមួយប្រទេសចិន ដែលមានប្រជាជនច្រើន មានសក្តានុភាពសេដ្ឋកិច្ច និងធនធានធម្មជាតិច្រើនបានធ្វើឱ្យប្រទេសមួយនេះ មានឱកាសច្រើនក្នុងការប្រកួតប្រជែងជាផ្នែកសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសផ្សេងៗលើសកលលោក។
សំឡេង៖ «យើងកត់សម្គាល់ឃើញថា ប្រទេសចិនបានប្រែក្លាយខ្លួន ក្រោយការអនុវត្តការធ្វើកំណែទម្រង់ស៊ីជម្រៅនេះ ធ្វើឱ្យប្រទេសចិនក្លាយជាប្រទេស មានសេដ្ឋកិច្ចធំមួយអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលក្លាយជាដៃគូ ពាណិជ្ជកម្មពិភពលោក។ ជាប្រទេសនាំមុខផ្តល់លទ្ធភាពទីផ្សារ និងពាណិជ្ជកម្មដល់ប្រទេសនៅក្នុងតំបន់» ឯកឧត្តមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ដល់ទី១៨ ខែកក្កដាឆ្នាំ២០២៤ បក្សកុម្មុយនីស្ដចិនបានរៀបចំ “សន្និបាតពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន” នីតិកាលទី២០នៅទីក្រុងប៉េកាំង ក្នុងនោះមានរបៀបវារៈសំខាន់មួយ គឺស្រាវជ្រាវចាត់ចែងកំណែទម្រង់ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀត ជំរុញការកសាងទំនើបកម្មតាមបែបផែនចិន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ចាប់តាំងពីសន្និបាតពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននីតិកាលទី១៨ នៅឆ្នាំ២០១៣មក ប្រទេសចិនចាប់ផ្ដើមជំរុញកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
សន្និបាតពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លើកនេះ គឺបានស្រាវជ្រាវ និង ដាក់ពង្រាយកំណែទម្រង់ ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀត។ សំឡេង៖ «កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៤នេះ លោកប្រធានាធិបតីស៊ីជីងភីង ដែលជាមគ្គុទ្ទេសក៍បន្តវេនពីលោកតេងស៊ាវភីង បានបន្តការធ្វើកំណែទម្រង់ ហើយអនុវត្តន៍បើកទូលាយ។ ក្នុងនោះលោកប្រធានាធិបតីស៊ីជីងភីងបានផ្តួចផ្តើមគំនិតជាច្រើនសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ ជាពិសេសប្រទេសដៃគូនៅតាមខ្សែក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមសំខាន់មួយ សូម្បីតែប្រទេសនៅតំបន់អាស៊ីកណ្តាលមួយចំនួន និងប្រទេសដែលមានផ្លូវភ្ជាប់ទៅសមុទ្រ ក៏មានលទ្ធភាពរីកចម្រើនពីគំនិតផ្ដួចផ្តើមខែ្សក្រវាត់ និងផ្លូវរបស់ចិននេះដែរ»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ ប្រទេសកម្ពុជាមានឱកាសច្រើន ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិនដូចជា៖ កម្ពុជាទទួលបានការបើកទូលាយទីផ្សារតាមរយៈ កិច្ចព្រមព្រៀងសេរីកម្ពុជាចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀង RCEP ដោយកិច្ចព្រមព្រៀងទាំងពីរនេះ បានជំរុញឱ្យការនាំចេញ និងទំនិញរបស់កម្ពុជាកាន់តែច្រើន អាចយកទៅលក់នៅលើទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានផ្តល់លទ្ធភាពឱ្យកម្ពុជា នូវបរិមាណកូតាមួយចំនួនក្នុងការនាំចេញអង្ករ ដោយបច្ចុប្បន្ននេះឈានដល់ កម្រិតប្រមាណ៥០ម៉ឺនតោនហើយក្នុងមួយឆ្នាំ។ ឯកឧត្តមបន្ថែមថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះដែរ បានផ្តល់លទ្ធភាពឱ្យកម្ពុជាមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ ព្រលានយន្តសៀមរាបថ្មី និងគម្រោងមួយចំនួនទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះ ការកំណែទម្រង់ស៊ីជម្រៅរបស់ចិន ផ្នែកបច្ចេកវិទ្យាផងដែរ ដូចជាការធ្វើទំនើបកម្មឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិច និងកិច្ចសហប្រតិបត្តិការផ្សេងៗដោយប្រើឧស្សាហកម្ម៤.0 ដែលចិនបានឈានមុខគេ ។ ហើយឯកឧត្តមក៏ជឿជាក់ថា បច្ចេកវិទ្យារបស់ចិនក្នុងពេលបច្ចុប្បន្ននេះ នឹងមានល្បឿនរីកចម្រើនច្រើនដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មក្នុងសម័យថ្មីនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន