(កំពង់ចាម)៖ លោកនាយឧត្តមសេនីយ៍ ម៉ា ឈឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញានេះ បានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌ៩ នៅសាលាបុណ្យ ក្នុងស្រុកកំណើត នៅភូមិជើងឆ្នុក ខេត្ដកំពង់ចាម។
ក្នុងឱកាសអញ្ជើញដាក់បិណ្ឌនេះ លោកនាយឧត្តមសេនីយ៍ ម៉ា ឈឿន រួមទាំងក្រុមគ្រួសារ ក៏បាននាំយកនូវចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់ នៅក្នុងវត្តសុវណ្ណគិរី ជើងឆ្នុក រួមមាន៖ អង្ករ ,មី ,ទឹកក្រូច ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ទឹកសុទ្ធ ,ត្រីខ ,ស្ករស និងសម្ភារៈជាច្រើនទៀត ជាមួយនឹងបច្ច័យមួយចំនួន ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ ជីដូនជីតានិងបុព្វការីជន ពិសេសដល់យុទ្ធជន ដែលបានពលីជីវិតជូនជាតិមាតុភូមិ ឲ្យមានភាពសុខក្សេមក្សាន្ដដូចសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន ក៏បួងសួងប្រសិទ្ធពរដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកស្រី សៅ ទី ហេងសំរិន ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ស្រី និងមន្ដ្រីដឹកនាំគ្រប់លំដាប់ថ្នាក់ CPP ឱ្យប្រកបដោយ ពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕