​(ព្រះវិហារ)៖ កម្លាំងកងទ័ពរបស់កងពលតូចអន្តរាគម៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍៣ ដែលកំពុងឈរជើងការពារទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំការពារ និងថែរក្សាឲ្យបានដាច់ខាតនូវ​សុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាតរាល់សកម្មភាពជនណា ឬក្រុមណាមួយ ដែលមានចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

ការចេញប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់កម្លាំងកងទ័ពកងពលតូចអន្តាគមន៍លេខ៧ បានធ្វើឡើងក្នុងឱកាសដែល លោកឧត្ដមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យ កងកម្លាំង និងផ្សព្វផ្សាយសភាពការថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រៀមអន្តរាគមន៍ អនុវត្តបទបញ្ជារបស់ថ្នាក់លើ ពិសេសការពារកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ដែលរាជរដ្ឋាភិបាល កំពុងរៀបចំធ្វើការអភិវឌ្ឍន៍​។

​ឧត្តមសេនីយ៍ ត្រី ប៉ែន សាវឿត បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហានថា រយៈពេលថ្មីៗនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស​ នៅតែបន្តអនុវត្តន៍គ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខមាលភាព វិបុលភាពសង្គមជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ​ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរង បានថ្លែងទៀតថា ជាមួយនឹងសភាពការដែលក្រុមប្រឆាំងបង្កើតឡើង ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនេះ ​កម្លាំងកងទ័ពរបស់​អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ សូមប្តេជ្ញាគោរពនិងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ក៏ដូចជាបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយភក្តីភាពស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនឹងសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ របស់ប្រជាពលរដ្ឋកម្ពុជា​។

ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការពារ សន្តិភាព ឲ្យបានដាច់ខាតទោះបី ត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឲ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងន័យនេះដែរ កងកម្លាំងទាំងអស់ក្នុង អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ សូមប្តេជ្ញាការពារ និងថែរក្សាឲ្យបានដាច់ខាតនូវ​សុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គ្រប់កាលៈទេសៈ ព្រម ទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗផងដែរ​៕