(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ចេញកម្លាំងគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមជ្រុលនិយមមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបញ្ជាក់ថា ដើម្បីអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សាសន្តិភាព ការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងរាំរាំងមិនឲ្យមិនពួកជ្រុលនិយម មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្ដថា ដូច្នេះដើម្បីកុំឲ្យពលរដ្ឋស្លូតត្រង់រងគ្រោះ ដោយចាញ់បោកក្រុមជនក្បត់ជាតិនោះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានឲ្យបានយល់កាន់តែច្បាស់ ជៀសវាងចាញ់បោក និងរងគ្រោះដល់ខ្លួនដោយសារក្រុមជនក្បត់ជាតិមួយក្តាប់តូចនេះ។
លោកសង្កត់ធ្ងន់ថា «សូមកុំយកទឹកដីអរិយក្សត្រឆ្លងកាត់ទៅធ្វើបាតុកម្ម ,ក្នុងនាមយើងខ្ញុំជាអាជ្ញាធរ គឺមិនអនុញ្ញាតជាដាច់ខាត ហើយទប់ស្កាត់ឲ្យខានតែបាន តែបើឆ្លងកាត់ដើម្បីប្រកបមុខរបរ ធ្វើការ សិក្សារៀនសូត្រដូចធម្មតា គឺមិនជាបញ្ហាអ្វីឡើយ ដូច្នេះសូមកុំស្មានថាពួកយើងនៅស្ងៀម គឺមិនអនុញ្ញាត្តដាច់ខាត»។
បន្ថែមពីនេះ លោក ចាន់ តារា បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការពន្យល់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយថា តើអ្វីទៅជាកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឲ្យប្រជាពលរដ្ឋបានយល់ ដើម្បីកុំឲ្យចាញ់បោកប្រាស់ ការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច៕