(ចិន)៖ លោក Jack Ma ឬ Ma Yun ជាអ្នកជំនួញ និងមហាសេដ្ឋីដ៏ល្បីល្បាញម្នាក់ បន្ទាប់ពីក្លាយជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនអ៉ីនធើណែតដ៏ធំជាងគេនៅប្រទេសចិន ដែលមានឈ្មោះថា Alibaba។ ស្ថិតក្នុងវ័យ ៥២ឆ្នាំ មហាសេដ្ឋីរូបនេះលោកមានទ្រព្យសម្បតិ្តក្នុងតម្លៃជាទឹកប្រាក់ ២៧.៩ពាន់លានដុល្លារ បន្ទាប់ពីធ្លាប់ហែលឆ្លងជីវិតដែលត្រូវគេបដិសេធរាប់ភ្លេច និងរកកម្រៃបានត្រឹមតែ ១២ដុល្លារប៉ុណ្ណោះ ក្នុងមួយខែក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។

ខាងក្រោមជាជីវប្រវត្តិ និងបទពិសោធន៍តស៊ូរបស់ស្ថាបនិកក្រុមហ៊ុនល្បីល្បាញរូបនេះ៖

*ព័ត៌មានទូទៅ៖
• ឈ្មោះក្នុងបញ្ជីជាតិ៖ Ma Yun
• ថ្ងៃខែឆ្នាំកំណើត៖ ១០កញ្ញា ១៩៦៤ឆ្នាំ(អាយុ៥២ឆ្នាំ)
• សញ្ជាតិ៖ចិន
• មុខរបរ៖ស្ថាបនិក និងប្រធានរបស់ក្រុមហ៊ុន Alibaba Group
• ភរិយា៖ លោកស្រី Zhang Ying
• កូន៖ ពីរនាក់ ស្រីម្នាក់ ប្រុសម្នាក់

*ជីវិតកាលពីកុមារភាព៖
លោក Ma កើតនៅក្នុងខេត្ត Zhejiang ប្រទេសចិន ចាប់ផ្តើមសិក្សាភាសាអង់គ្លេសក្នុងវ័យជំទង់ និងអនុវត្តប្រើប្រាស់ភាសាអង់គ្លេសដោយធ្វើការសន្ទនាជាមួយជនបរទេស នៅសណ្ឋាគារមួយកន្លែងក្បែរផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ។ យុវជនរូបនេះក៏ធ្លាប់នាំភ្ញៀវទេសចរណ៍ដើរកំសាន្តជុំវិញទីក្រុង ដើម្បីបង្កើនចំណេះដឹងភាសាអង់គ្លេសរបស់ខ្លួនផងដែរ។ Jack Ma តែងតែធ្វើបែបនេះអស់រយៈពេល ៩ឆ្នាំ។ ទីបំផុតលោកបានក្លាយជាមិត្តជិតស្និទ្ធជាមួយជនបរទេសម្នាក់ឈ្មោះថា Jack ដោយទំនាក់ទំនងគ្នាតាមរយៈការសរសេរសំបុត្រទៅវិញទៅមក។

ឪពុកម្ដាយរបស់លោក Jack Ma

ឈានដល់វ័យត្រូវចូលសិក្សានៅសាកលវិទ្យាល័យ លោកបរាជ័យរហូតដល់បីដងក្នុងការប្រឡងចូលរៀន។ នៅទីបំផុត លោកបានចូលសិក្សានៅវិទ្យាស្ថានមួយដែលមានបច្ចុប្បន្នមានឈ្មោះថា សាកលវិទ្យាល័យ Hangzhou Normal University ព្រមទាំងបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨៨ ផ្នែកភាសាអង់គ្លេស។ កាលនៅសិក្សា លោកធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សារបស់សិស្សានុសិស្ស។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានក្លាយជាសាស្ត្រាចារ្យផ្នែកភាសាអង់គ្លេស និងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ Hangzhou Dianzi ។ ក្រោយមកលោក បានចុះឈ្មោះសិក្សាបន្តការសិក្សានៅសាលាពាណិជ្ជកម្ម ព្រមទាំងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៦ ។

លោក Ma បានរៀបការជាមួយលោកស្រី Zhang Ying ដោយមានកូនប្រុសម្នាក់ និងស្រីម្នាក់។ លោកបានជួបភរិយារបស់លោកជាលើកដំបូង ក្នុងពេលសិក្សានៅសកលវិទ្យាល័យ Hangzhou Normal។ ពួកគេបានរៀបការភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយអ្នកទាំងពីរចាប់ផ្តើមអាជីពជាគ្រូបង្រៀនដូចគ្នា។

*កំហុស និងភាពបរាជ័យ៖

បើត្រឡប់ទៅមើលអតីតកាល ភាពជោគជ័យរបស់លោក Ma ជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ។ តាមផ្លូវដើរក្នុងជីវិតរបស់លោក ជួបប្រទះភាពបរាជ័យជាច្រើនលើកច្រើនសារ ច្រើនជាងអ្វីដែលមនុស្សធម្មតាអាចទ្រាំទ្របាន។ ខាងក្រោមនេះជាបទពិសោធន៍នៃភាពបរាជ័យធំទាំង៧ របស់លោក៖

1. នៅតែជម្នះមិនបោះបង់ បន្ទាប់ពីបរាជ័យក្នុងការប្រឡងនៅសាលាជាច្រើនលើក៖
លោក Ma មិនមែនជាសិស្សពូកែឡើយ លោកស្ទើរតែមិនអាចរៀនដល់ថ្នាក់មធ្យមផង ដោយសារលោកបរាជ័យក្នុងការប្រឡងថ្នាក់បឋមពីរដង ថ្នាក់មធ្យមបីដង ប្រឡងចូលរៀនថ្នាក់វិទ្យាល័យពីរដង និងសាកលវិទ្យាល័យបីដង។ វាកាន់តែគួរឲ្យភ្ញាក់ផ្អើលដែលថា មិនមែនមានតែលោក Ma ម្នាក់ប៉ុណ្ណោះ ដែលបានបរាជ័យក្នុងការសិក្សា សូម្បីបុគ្គលដែលមានខួរក្បាលអស្ចារ្យបំផុតលើលោក ក៏ធ្លាប់បរាជ័យក្នុងការសិក្សាផងដែរ ក្នុងនោះមានដូចជា លោក Albert Einsteing លោកប្រធានាធិបតី Winston Churchill និងលោកប្រធានាធិបតី Abraham Lincoln។

2. ទទួលបាន ១ពិន្ទុក្នុងចំណោម១២០ពិន្ទុ លើមុខវិជ្ជាគណិតវិទ្យា
បើទោះបីជាក្រុមហ៊ុន Alibaba ជាក្រុមហ៊ុនបច្ចេកវិទ្យា ប៉ុន្តែរហូតមកទល់បច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុនរូបនេះ នៅតែមានភាពទន់ខ្សោយផ្នែកគណិតវិទ្យា វាមិនមែនដោយសារលោកគ្មានពេលគ្រប់គ្រាន់សម្រាប់សិក្សាមុខវិជ្ជានេះនោះទេ តែលោកផ្ទាល់គ្មានទេពកោសល្យលើឯកទេសនេះតែម្តង។ លោកបានលើកឡើងថា «ខ្ញុំមិនពូកែលើឯកទេសគណិតវិទ្យាឡើយ រហូតមកទល់បច្ចុប្បន្នខ្ញុំ នៅតែមិនអាចអានរបាយការណ៍គណនេយ្យបាននៅឡើយ។ យ៉ាងនេះក្តីភាពបរាជ័យលើមុខវិជ្ជាគណិតវិទ្យា មិនបានរារាំងខ្ញុំ ដើម្បីក្លាយជាមហាសេដ្ឋីម្នាក់បានឡើយ»

3. នៅតែមិនរុញរា បន្ទាប់ពីត្រូវបានសាកលវិទ្យាល័យ Harvard បដិសេធរហូតដល់ ១០ដង

ការបដិសេធចំនួន ១០ដង វាហាក់មិនជាច្រើនពេកទេសម្រាប់លោក ហើយវាជាភស្ថុតាងដែលបង្ហាញថា លោក Ma ជាគំរូនៃអ្នកដែលតស៊ូជម្នះការបដិសេធ ដែលនេះជាចំណុចដ៏សំខាន់សម្រាប់មនុស្សដែលចង់ជោគជ័យ ដែលគួរតែមានភាពអត់ធ្មត់បែបនេះ។

4. នៅតែមានសុទិដ្ឋិនិយម បន្ទាប់ពីបរាជ័យលើការស្វែងរកការងារចំនួន ៣០ដង
បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានស្វែងរកការងារ ៣០កន្លែងផ្សេងៗគ្នា និងជាទូទៅ ត្រូវបានបដិសេធទាំងអស់។ លោកធ្លាប់ដាក់ពាក្យជាមន្ត្រីប៉ូលីស តែគេបានបដិសេធលោកជាមួយនឹងពាក្យបីម៉ាត់យ៉ាងសមញ្ញថា «លោកមិនល្អ»។ លោក Ma បានចាត់ទុកលោក Forrest Gump ជាវីរៈបុរសម្នាក់ក្នុងខ្សែភាពយន្ត ដែលតែងតែលើកឡើងប្រយោគមួយឃ្លាថា «ថ្ងៃនេះលំបាក ថ្ងៃស្អែកក៏កាន់តែលំបាក ប៉ុន្តែនៅថ្ងៃបន្ទាប់អ្វីៗនឹងប្រសើរឡើង»

5. ជាមនុស្សម្នាក់ក្នុងចំណោម ២៤នាក់ ដែលត្រូវបានគេបដិសេធមិនឲ្យធ្វើការនៅ KFC
ក្នុងចំណោមមនុស្ស ២៤នាក់ ដែលបានដាក់ពាក្យធ្វើការនៅ KFC មានមនុស្ស២៣នាក់ ដែលត្រូវបានគេជ្រើសរើសធ្វើជាបុគ្គលិក លើកលែងតែលោកម្នាក់ដែលត្រូវបានបដិសេធ មូលហេតុសំខាន់ដោយសារលោកមានរូបរាងមិនស្អាត និងកម្ពស់ទាប។ ភរិយារបស់លោក Zhang Ying ដែលបានរៀបការតាំងពីមុនពេលលោកក្លាយជាមហាសេដ្ឋីបាននិយាយថា អ្នកស្រីមិនខ្វល់ពីរូបរាងខាងក្រៅរបស់ស្វាមីឡើយ ដោយបានបញ្ជាក់ថា « Ma មិនមែនជាបុរសសង្ហានោះទេ តែខ្ញុំមានចិត្តស្រឡាញ់គាត់ ដោយសារគាត់អាចធ្វើរឿងជាច្រើន ដែលបុរសសង្ហាផ្សេងៗទៀតមិនអាចធ្វើបាន»

6. ទទួលបានភាពបរាជ័យជាច្រើនលើកបន្ទាប់ពីបង្កើតក្រុមហ៊ុន Alibaba
បន្ទាប់ពីបង្កើតក្រុមហ៊ុន Alibaba លោកត្រូវប្រឈមមុខនឹងការលំបាក ដោយសារភាពបរាជ័យជាច្រើនលើកច្រើនសារ។ ក្រុមហ៊ុននេះមិនអាចរកប្រាក់ចំណូលបានទាល់តែសោះក្នុងរយៈពេលបីឆ្នាំដំបូង។ សូមជម្រាបថា កាលនោះសល់ពេលត្រឹមតែ ១៨ខែទៀតប៉ុណ្ណោះ ក្រុមហ៊ុននេះនឹងត្រូវដួលរលំ។ លោក Ma បានគូសបញ្ជាក់ថា «ខ្ញុំបានហៅក្រុមហ៊ុន Alibaba ថាក្រុមហ៊ុន១០០១កំហុស»

7. ប្រាប់ទៅកាន់ដៃគូរបស់ក្រុមហ៊ុន Alibaba ទាំង១៨ថា គ្មានអ្នកណាម្នាក់ដែលអាចឡើងដំណែងខ្ពស់បានឡើយ
វាជាសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងនឹងអាក្រក់បំផុតដែលក្នុងនាមជា CEO ដែលបានធ្វើបែបនេះ។ លោក Ma បានប្រាប់ទៅកាន់ដៃគូទាំង ១៨នាក់ថា ក្នុងចំណោមអ្នកទាំងអស់ គ្មានអ្នកណាម្នាក់ដែលអាចទទួលបានដំណែងជាអ្នកគ្រប់គ្រងបានឡើយ។ គម្រោងរបស់លោក គឺយកមនុស្សពីខាងក្រៅមកធ្វើជាអ្នកគ្រប់គ្រងជំនួសវិញ។ លោកបានបញ្ជាក់ថា នេះជាកំហុសដ៏ធំបំផុតរបស់លោក និងជាមេរៀនដែលលោកសិក្សាពីក្រុមហ៊ុន Alibaba។ លោកបានបញ្ជាក់ទៀតថា ក្នុងនាមជា CEO ដ៏វ័យឆ្លាតម្នាក់ ចាំបាច់ត្រូវតែឲ្យតម្លៃខ្ពស់ទៅលើបុគ្គលិកដែលមានសមត្ថភាព មិនដូចច្នោះទេ អ្នកនឹងបាត់បង់បុគ្គលិកនោះ។

*ដំណើរឆ្ពោះទៅរកភាពជោគជ័យ៖
បន្ទាប់ពីបញ្ចប់ការសិក្សា លោក Ma បានដាក់ពាក្យរកការងារធ្វើ ៣០កន្លែង តែត្រូវបានគេបដិសេធទាំងអស់។ ក្នុងឆ្នាំ១៩៩៤ បុរសស្ថិតក្នុងដំណើរផ្សងព្រេងរូបនេះ បានលឺដំណឹងពីអំពីអ៉ីនធើណែតជាលើកដំបូង។ នៅដើមឆ្នាំ១៩៩៥ លោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយមិត្តភក្តិម្នាក់ ដែលជួយណែនាំលោកឲ្យស្គាល់ពីអ្វីហៅថា អ៉ីនធើណែត។ ខណៈដែល Ma ចេះប្រើប្រាស់អ៉ីនធើណែតជាលើកដំបូង លោកបានស្រាវជ្រាវរកពាក្យ «Beer»។ លោកបានរកឃើញព័ត៌មានជាច្រើនពាក់ព័ន្ធនឹងពាក្យនេះ នៅក្នុងបណ្តាប្រទេសជាច្រើន តែលោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគ្មានទិន្នន័យណាមួយពីប្រទេសចិនទាល់តែសោះ។

ជាងនេះទៅទៀត លោកព្យាយាមរកព័ត៌មានទូទៅអំពីប្រទេសចិន ហើយបានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសាជាថ្មី ដោយសារគ្មានព័ត៌មានអ្វីសោះចេញពីប្រទេសនេះ។ ហេតុនេះលោក និងមិត្តភក្តិ បានសម្រេចបង្កើតគេហទំព័រដ៏អាក្រក់មួយពីប្រទេស ចិន។ ក្នុងរយៈពេលប្រាំម៉ោង បន្ទាប់ពីនៃការបង្កើតគេហទំព័រនេះ លោកបានទទួលសារពីប្រជាពលរដ្ឋជនជាតិចិនប៉ុន្មាននាក់ ដែលមានបំណងចង់ស្គាល់លោក។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យលោក Ma ចាប់ផ្តើមដឹងថា អ៉ីនធើណែត មានអ្វីដែលប្រសើរជាច្រើន។

លោកបានរំលឹកថា លោកធ្លាប់បានអញ្ជើញមិត្តភក្តិ និងមនុស្សមួយចំនួនមកកាន់លំនៅដ្ឋានរបស់លោក ដើម្បីបង្ហាញពីការប្រើប្រាស់អ៉ីនធើណែត។ លោកត្រូវរង់ចាំរហូតដល់រយៈពេលបីម៉ោងកន្លះ ដើម្បីទទួលឯកសារត្រឹមតែកន្លះទំព័រ ដែលបានបញ្ជូនតាមអ៉ីនធើណែត ទីបំផុតលោកក៏ទទួលបាន។ លោកលើកឡើងថា «ខ្ញុំមានមោទនៈភាពជាខ្លាំង ដែលអាចបញ្ជាក់ប្រាប់ពួកគេថា អ៉ីនធើណែតពិតជាមានពិតមែន»

ក្នុងខែមេសា ឆ្នាំ១៩៩៥ លោក Ma និងភរិយា ព្រមទាំងមិត្តភក្តិប្រមូលបានប្រាក់ ២ម៉ឺនដុល្លារអាមេរិក ហើយចាប់ផ្តើមបង្កើតក្រុមហ៊ុន អ៉ីនធើណែត។ ក្រុមហ៊ុនបានសម្រេចបង្កើតគេហទំព័រសម្រាប់ក្រុមហ៊ុនផ្សេងៗ។ ក្រុមហ៊ុនរបស់លោកមានឈ្មោះថា «China Yellow Pages» ។ លោក Ma ចាប់ផ្តើមបង្កើតគេហទំព័រសម្រាប់ក្រុមហ៊ុនចិនជាច្រើន ដោយមានការជួយជ្រំជ្រែងពីមិត្តភក្តិរបស់លោកនៅសហរដ្ឋអាមេរិក។

ក្នុងសន្និសីទកាលពីឆ្នាំ២០១០ កន្លងទៅនេះ លោក Ma បានបង្ហើបឲ្យដឹងថា លោកមិនដែលទទួលបានអ្វីតាមរយៈការលក់សេវាកម្មអ៉ីនធើណែតនេះពីអតិថិជនទាល់តែសោះ រហូតដល់អាយុ ៣៣ឆ្នាំ ទើបលោកទទួលបានកុំព្យូទ័រមួយគ្រឿងពីអតិថិជនជាលើកដំបូង។

ក្នុងអំឡុងឆ្នាំ១៩៩៨ ដល់១៩៩៩ លោក Ma បានក្លាយជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាសារព័ត៌មានក្នុងប្រទេសចិន។ ឆ្នាំ១៩៩៩ លោកបានត្រឡប់ទៅកាន់ទីក្រុង Hangzhou ជាមួយក្រុមការងារដែលជាមិត្តភក្តិ ១៧នាក់ ដោយបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Alibaba។ នេះជាដំណើរផ្សងព្រេងជាថ្មីជាមួយនឹងដើមទុន ៥០០ពាន់យន់។

មុខរបរថ្មី ចាប់ផ្តើមរីកដុះដាលឡើងគួរឲ្យកត់សម្គាល់ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ក្រុមហ៊ុនរបស់លោកទទួលបានប្រាក់ចំណូលរហូតដល់ ២៥លានដុល្លារពីការវិនិយោគទុន។ ក្រោយមកស្ថាបនិករូបនេះ បានបង្កើតក្រុមហ៊ុនផ្សេងៗទៀត ព្រមទាំងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើន។ រហូតដល់ឆ្នាំ២០១៤ ក្រុមហ៊ុន Alibaba បង្កើនប្រាក់រហូតដល់ ២៥ពាន់លានដុល្លារ លើទីផ្សារហិរញ្ញវត្ថុ New York Stock Exchange។ ពេលនោះហើយដែល ក្រុមហ៊ុន Alibaba បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានប្រាក់ជាងគេលើពិភពលោក បន្ទាប់ពីបង្កើនប្រាក់ចំណូលរហូតដល់ ២៥ពាន់លានដុល្លារ។

បច្ចុប្បន្នលោក Ma ក្លាយជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលមានក្រុមហ៊ុនធំៗចំណុះចំនួន ៩ផ្សេងទៀត ដែលក្នុងនោះមានដូចជា Alibaba.com, ក្រុមហ៊ុន Taobao Marketplace, ក្រុមហ៊ុន Tmall, ក្រុមហ៊ុន eTao, ក្រុមហ៊ុន Alibaba Cloud Computing, ក្រុមហ៊ុន Juhuasuan, ក្រុមហ៊ុន1688.com, ក្រុមហ៊ុន AliExpress.com និងក្រុមហ៊ុន Alipay។ ក្រោយមកក្រុមហ៊ុននេះ បានបង្កើនប្រាក់ចំណូលកាន់តែខ្ពស់ជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ មហាសេដ្ឋីរូបនេះជាញឹកញាប់ ត្រូវបានគេអញ្ជើញចូលរួមធ្វើជាបទបង្ហាញនៅតាមសាកលវិទ្យាល័យល្បីៗជាច្រើន ដើម្បីចែករំលែកបទពិសោធន៍នៃភាពជោគជ័យ។ ក្រោយមកលោក Ma បានធ្វើវិនិយោគទុនលើក្រុមហ៊ុនផលិតស្រាល្បីជាច្រើនកន្លែងផ្សេងទៀត។

* ទស្សនៈវិស័យ៖
ក្នុងឆ្នាំ២០០៧ ជាការឆ្លើយតបនឹងការរិះគន់ទូទាំងពិភពលោក ទៅលើការសម្លាប់ត្រីឆ្លាមដើម្បីយកព្រុយត្រីនោះ លោក Ma បានប្រកាសថា លោកផ្ទាល់ និងក្រុមគ្រួសារ បានស្បថថា នឹងមិនបរិភោគស៊ុបព្រុយ ត្រីឆ្លាមជាដាច់ខាត។ ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុន Alibaba Group បានដាក់ចេញនូវគោលនយោបាយហាមឃាត់ ការដាក់លក់ផលិតផលព្រុយត្រីនៅក្នុង e-commerce របស់ខ្លួនជាដាច់ខាត។

នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំកាលពីឆ្នាំ២០០៩ កន្លងទៅ លោក Ma បានលើកទឹកចិត្តអ្នកចូលរួមឲ្យចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ស្របទៅតាមការឡើងចុះនៃសេដ្ឋកិច្ចពិភពលោក ជាជាងរង់ចាំជំនួយពីរដ្ឋាភិបាល ឬអ្នកជីវកម្មផ្សេងទៀត។ លោកបានរំលឹកមនុស្សគ្រប់គ្នាថា ជោគវាសនាដ៏ប្រសើររបស់ពិភពលោក គឺបង្កើតដោយមនុស្សដែលចេះមើលឃើញ និងចាប់យកឱកាសដែលអ្នកដទៃមិនអាចធ្វើបាន។ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពក្រោយការធ្លាក់ចុះរបស់ពិភពលោក ជាឱកាសដ៏ល្អសម្រាប់ការស្វែងរកមធ្យោបាយដើម្បីបង្កើតអាជីវកម្មថ្មីមួយ។

លោក Ma បានប្រកាសកាលឆ្នាំ២០១០ថា លោកនឹងដកប្រាក់ ០.៣ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំ ជួយដល់សកម្មភាពការពារបរិស្ថាន ជាពិសេសទៅលើគម្រោងបង្កើនគុណភាពទឹក និងខ្យល់អាកាស។ លោកបានបញ្ជាក់ថា ក្នុងពេលអនាគត «គោលដៅរបស់ក្រុមហ៊ុន គឺជួយមនុស្សបង្កើតប្រាក់ ដែលមានស្ថិរភាព ប្រាក់ដែលមិនត្រឹមតែប្រសើរសម្រាប់ពួកគេប៉ុណ្ណោះទេ តែក៏ប្រសើរសម្រាប់សង្គមទាំងមូលផងដែរ»

ក្នុងឆ្នាំ២០១៥ លោកបានទិញដីចំនួន ១១៣.៧១គីឡូម៉ែត្រការ៉េ ក្នុងទីក្រុងញ៉ូវយក ដែលមានតម្លៃប្រមាណ ២៣លានដុល្លារ។ បន្ទាប់ពីភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន លោក Jack Ma ត្រូវបានគេចាត់ទុកជាបុគ្គលដ៏ល្បីល្បាញម្នាក់ ព្រមទាំងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើនលើពិភពលោក។

ការពិតដែលមិននឹកស្មានដល់ តាមការបង្ហើបឲ្យដឹងពីសំណាក់ជំនួយការ និងលោក Ma ផ្ទាល់បានឲ្យដឹងថា លោក Ma ធ្លាប់បានសិក្សាកីឡាក្បាច់គុណ Tai Chi ម្តងម្កាលកាលពីឆ្នាំ២០០៩ កន្លងទៅនេះ។ ក្នុងឆ្នាំ២០១១ លោកបានជួលអ្នកជំនាញខាងកីឡាមួយនេះ មកបង្ហាត់ដល់ក្រុមហ៊ុន Alibaba ផ្ទាល់តែម្តង។ លោករួមទាំងគ្រូពីរនាក់ផ្សេងទៀត បានបើកបង្រៀនឯកទេសនេះដល់បុគ្គលិកទាំងអស់ ដោយពួកគេចាំបាច់ត្រូវតែរៀន ដោយចាត់ទុកថានេះជាបទបញ្ជារបស់ក្រុមហ៊ុន។ កាន់តែហួសចិត្តនោះ គឺក្តីស្រមៃរបស់លោក Ma ចង់ឲ្យថ្ងៃណាមួយមនុស្សចងចាំលោកក្នុងនាមជាបុគ្គលម្នាក់ ដែលមានជំនាញផ្នែកកីឡា Tai Chi នេះ ជាជាងក្នុងនាមលោកជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនអ៉ីនធើណែតដ៏ធំមួយនៅក្នុងប្រទេសចិន។

លោក Ma គឺជាភស្ថុតាងមួយដែលបញ្ជាក់ថា គ្មានភាពបរាជ័យណាដែលអាចទាញមនុស្សមិនឲ្យសម្រេចក្តីស្រមៃរបស់ខ្លួនបានឡើយ ទោះបីត្រូវប្រឈមនឹងការលំបាកកម្រិតណាក៏ដោយ។ លោកបានលើកឡើងថា «ប្រសិនបើអ្នកមិនបោះបង់ នោះអ្នកនៅតែមានឱកាស។ ការបោះបង់ជាភាពបរាជ័យដ៏ធំបំផុតរបស់អ្នក»

http://blogs-images.forbes.com/ryanmac/files/2014/09/jackmaipo-e1411399157776-1940x1090.jpeg