(កំពង់ធំ)៖ កម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាត នូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការ ញុះញង់ពីជនអគតិមួយក្តាប់តូច នៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិត ធ្វើឲ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
ជាមួយគ្នានោះ ក្នុងនាមកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ ក៏បានរៀបចំរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ កម្លាំងត្រៀម២៤ លើ២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មើសផ្សេងៗ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនើង ល្បែងស៊ីសង គ្រឿង ញៀនជាដើម ប្តេជ្ញាបង្ក្រាបដោយ គ្មានការលើកលែងឡើយ៕