(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរាជធានីបានបញ្ជាក់ច្បាស់ថា កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាង៣លាននាក់ ប្រៀបបានទៅនឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ១៧លាននាក់នៅទូទាំងប្រទេសដែរ ពីព្រោះរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង បានលើកឡើងថា ការបើកកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីរំលឹកអោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំអោយមើលស្រាលសភាពការណ៍ ព្រោះថា ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨ សីហា នេះ ពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហឹង្សាតែម្តង។ដូច្នេះកម្លាំងទាំងអស់ ត្រូវតែម៉ត់ចត់បំផុត ពិសេសចំពោះគោលដៅចូលរាជធានីភ្នំពេញ បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំ និងធ្វើកំណត់ហេតុអោយបានច្បាស់លាស់។ ផ្ទុយទៅវិញ បើពិនិត្យឃើញថា ពួកគាត់មានចេតនាចូលមករាជធានីភ្នំពេញដើម្បីធ្វើការរកស៊ីមែននោះ សូមសម្រួលជូនពួកគាត់ភ្លាម។

លោក ឃួង ស្រេង បានបន្តទៀតថា អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពិតជាហត់នឿយខ្លាំងហើយ ក្នុងតំណាក់កាលនេះ តែយើងពិតជាមានមោទនភាពខ្លាំងណាស់ដែរ ដែលបានចូលរួមក្នុងកិច្ចការថែរក្សាសន្តិភាពជូនជាតិ និងប្រជាជន៕