(ភ្នំពេញ)៖ យុវជនទូទាំងស្រុកកណ្ដាលស្ទឹង ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ នេះជាលើកឡើង របស់លោក ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ណុប រ័ត្ននិមល តំណាងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ចូលរូមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
លោក ណុប រ័ត្ននិមល បានបន្តថា ក្នុងពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តន៍គ្រប់ឧបាយកលសកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកថា យើងជាយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង សូមប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព ស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនឹងការគាំទ្រយ៉ាងច្រើនលើសលប់ របស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមលើនេះ យើងទាំងអស់ សូមប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ណុប រ័ត្ននិមល៕