(កំពង់ធំ)៖ យ៉ាងហោចមានសកម្មជនលេចធ្លោ និងសមាជិកពិសេសៗមកពីគណបក្សដទៃ ដូចជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ សរុបចំនួន៣៧រូប បានសម្រេចដើរចេញពីបក្សរបស់ខ្លួន និងបន្តស្ម័គ្រចិត្តប្ដូរមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីប្រកាសទទួលសមាជិកបក្សថ្មីទាំង៣៧រូបនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ សមាជិកបក្សថ្មីទាំង៣៧រូបនោះ រួមមាន៖
១-បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៣៤នាក់ (ស្រី១៥នាក់)៖
* បេក្ខជនមកពីគណបក្សភ្លើងទៀន ១៤នាក់ ស្រី២នាក់
* បេក្ខជនមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ១៣នាក់ ស្រី៨នាក់
* បេក្ខជនមកពីគណបក្សខ្មែររួបរួមជាតិ ៤នាក់ ស្រី៣នាក់
* បេក្ខជនមកពីគណបក្សខ្មែរស្រឡាញ់ជាតិ ៣នាក់ ស្រី២នាក់
២-ភ្នាក់ងារ និងសកម្មជនសំខាន់ៗ ចំនួន៣នាក់៖
* មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ២នាក់
* មកពីគណបក្សខ្មែរស្រឡាញ់ជាតិ ១នាក់។

នាឱកាសនោះ លោកប្រធាន ហាក់ ម៉ុងហួត បានថ្លែងលើកទឹកចិត្តចំពោះសមាជិកបក្សថ្មី ដែលពួកគាត់គិតគូរពិចារណាត្រឹមត្រូវឡើងវិញ ដើម្បីចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំនៅកម្ពុជា សំដៅរួមកម្លាំងគ្នាបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមជាតិ ពិសេសប្រឆាំងដាច់ខាតចំពោះចលនាទាំងឡាយដែលបំផ្លាញសុខសន្តិភាព បង្កបាតុភាពប៉ះពាល់ដល់ស្ថិរភាពសង្គម។

លោកបានបន្តផ្សព្វផ្សាយពីសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជា ដើម្បីពង្រឹងស្មារតីបន្ថែមដល់សមាជិកគណបក្សចាស់ថ្មី ព្រមទាំងបានប្រកាសគាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ កិច្ចសហប្រតិបត្តិការនេះជាកិច្ចសហប្រតិបត្តិការណ៍មួយដ៏ល្អសម្រាប់ការអភិវឌ្ឍជាតិ ហើយគ្មានការគំរាមកំហែងសម្រាប់បូរណភាពទឹក ឬអធិបតេយ្យជាតិនោះឡើយ។

ជាមួយគ្នានោះ លោកប្រធាន ហាក់ ម៉ុងហួត ព្រមទាំងថ្នាក់ដឹកនាំបក្ស សមាជិកបក្សទាំងអស់បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ដែលកំពុងធ្វើចលនាបំផុសប្រឆាំងនឹង​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហើយដែលធ្ងន់ធ្ងរជាងនេះទៀតនោះ ក្រុមនេះបានញុះញង់អូសទាញឱ្យប្រជាពលរដ្ឋ សកម្មជនបក្សខ្លួនចូលរួមធ្វើបាតុកម្ម បង្កអស្ថិរភាពក្នុងសង្គម រំខាងដល់វឌ្ឍនភាពប្រទេសជាតិ។ ដូច្នេះលោកប្រធាន ហាក់ ម៉ុងហួត ក៏បានអំពាវនាវបន្ថែមដល់សមាជិកបក្សស្រុកតាំងគោក ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ចលនាដ៏អាក្រក់ទាំងនោះកុំឱ្យកើតមានក្នុងមូលដ្ឋាន ក៏ដូចជាក្នុងសង្គមជាតិ ព្រោះគំនិតអកុសលទាំងនោះគ្មានទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅនោះឡើយ។

ថ្នាក់ដឹកនាំ និងសមាជិកបក្សស្រុកតាំងគោក ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការកម្ចាត់រាល់ចលនាទាំងឡាយដែលនាំមកនូវភាពវឹកវរក្នុងសង្គម តាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិមួយក្ដាប់តូចទាំងនោះ៕