(ភ្នំពេញ)៖ ទិវាបុណ្យឯករាជ្យលើកទី ៧៩ តំណាងឱ្យការរួបរួមនិងភាពចម្រុះនៃប្រជាជនឥណ្ឌូនេស៊ី នេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅស្ថានទូតឥណ្ឌូនេសុី ទីក្រុងភ្នំពេញ។
ព្រឹត្តិការណ៍នេះ មានការចូលរួមពី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត Santo Darmosumarto ធ្វើជាអធិការកិច្ច និង ជនជាតិឥណ្ឌូនេសុីជិត ២០០នាក់ ។
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះ តែងតែមានជនជាតិឥណ្ឌូនេសុីចូលរួមយ៉ាងច្រើនកុះករ ស្លៀកពាក់សំលៀកបំពាក់ជាតិ និង មានការបង្ហាញសំលៀកបំពាក់ kebaya និង batik មកពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌូនេស៊ី។
ទិវាបុណ្យជាតិនេះ ចាប់ផ្ដើមនៅពេលដែលបង្ហូតទង់ជាតិ ឥណ្ឌូនសុីឡើង ខណៈនោះជនជាតិឥណ្ឌូនេសុីនាំគ្នាច្រៀងចម្រៀងជាតិ និងបង្ហាញអារម្មណ៍រីករាយគ្រប់ៗគ្នា ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំកម្ពុជា បានថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដោយបានលើក ឡើងពី ការចូលរួមយ៉ាងសកម្មរបស់សហគមន៍ ឥណ្ឌូនេស៊ីនៅកម្ពុជា ។
សូមជម្រាបថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥៩ ទល់បច្ចុប្បន្នមានរយៈពេល ៦៥ឆ្នាំ ដែលប្រទេសឥណ្ឌូនេសុី និងកម្ពុជាមានទំនាក់ទំនងយ៉ាងរឹងមាំ និងស្វាហាប់លើវិស័យផ្សេងៗ ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ភាពជាដៃគូដែលវិវត្តន៍នេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ស៊ីជម្រៅ និងចក្ខុវិស័យរួមគ្នាសម្រាប់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពរវាងប្រទេសទាំងពីរ ៕