(ញូវដែលី)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលបណ្តោះអាសន្ននៅបង់ក្លាដែស បានប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ថា សេចក្តីរាយការណ៍ស្តីពីការវាយប្រហារលើ អ្នកកាន់សាសនាហិណ្ឌូ និងជនជាតិភាគតិចដទៃទៀត ក្នុងប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើនមួយនេះ គឺត្រូវបានបំផ្លើស ហើយបានធានាដល់លោក Modi ថែមទៀតថា ខ្លួនកំពុងព្យាយាមប្រឹងប្រែងការពារប្រជាជនទាំងអស់ មិនថាកាន់សាសនាអ្វីឡើយ នៅក្នុងប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។
គ្រូបង្រៀនម្នាក់បានស្លាប់ និងយ៉ាងហោចមនុស្ស៤៥នាក់បានរងរបួស ស្របពេលដែលលំនៅដ្ឋាន អាជីវកម្ម និងព្រះវិហារនៃអ្នកកាន់ហិណ្ឌូ បានក្លាយជា មុខព្រួញនៃការវាយប្រហារកាលពីសប្តាហ៍កន្លងទៅ ក្រោយអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានចុះចេញពីតំណែង និងរត់ភៀសខ្លួនពីប្រទេស ចំពោះមុខការធ្វើបាតុកម្មយ៉ាងហិង្សា ទាមទារឱ្យលោកស្រីចុះពីអំណាច។
ឥណ្ឌាដែលជាប្រទេសមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើន គឺមានទំនាក់ទំនងវប្បធម៌និងទំនាក់ទំនងធុរកិច្ចរឹងមាំ ជាមួយបង់ក្លាដែស ដែលជាប្រទេសជិតខាងគ្នា ហើយរដ្ឋាភិបាលលោក Modi កន្លងមកនេះ បានបង្ហាញក្តីបារម្ភ ជុំវិញការផ្ទុះឡើងនៃអំពើហិង្សាប្រឆាំងអ្នកកាន់សាសនាហិណ្ឌូ នៅបង់ក្លាដែស។
លោក Modi បានឱ្យដឹងថា លោក Muhammad Yunus ដែលជាប្រមុខដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានទូរស័ព្ទមកកាន់លោក ហើយបានធានាប្រាប់អំពី ការការពារសុវត្ថិភាពនិងសន្តិសុខ សម្រាប់អ្នកកាន់សាសនាហិណ្ឌូ និងជនជាតិភាគតិចដទៃទៀត នៅក្នុងប្រទេសបង់ក្លាដែស។ បើតាមលោក Modi លោក Yunus បានអះអាងថា សេចក្តីរាយការណ៍អំពី ការវាយប្រហារលើជនជាតិភាគតិច គឺត្រូវបានបំផ្លើសឱ្យធ្ងន់ធ្ងរឆ្ងាយពីការពិត ហើយរដ្ឋាភិបាលបង់ក្លាដែស ប្តេជ្ញាធានាការពារសិទ្ធិមនុស្ស សម្រាប់ពលរដ្ឋគ្រប់រូប នៅក្នុងប្រទេសរបស់ខ្លួន។
គួរបញ្ជាក់ថា ការវាយប្រហារដែលផ្ទុះឡើង ក្រោយលោកស្រី Hasina ភៀសខ្លួនមកកាន់ឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា បានបង្ខំឱ្យអ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់ ព្យាយាមរត់ចូលមកប្រទេសឥណ្ឌា ដើម្បីគេចពីអំពើហិង្សា។ អ្នកកាន់សាសនាហិណ្ឌូមានចំនួនប្រហែល៨ភាគរយ នៃប្រជាជនបង់ក្លាដែសសរុប១៧០លាននាក់ ហើយតាំងពីដើមមក ពួកគេមាននិន្នាការគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina។ អំពើហិង្សានេះ ត្រូវបានក្រុមអ្នកវិភាគយល់ឃើញថា កើតចេញពីការសងសឹកនយោបាយ ជាជាងការរើសអើងសាសនា៕