(ភ្នំពេញ)៖ ក្នុងរយៈ៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធតាមគ្រប់រូបភាពសរុបចំនួន ៥៩ ៩៧៨ ករណី ក្នុងគោលដៅដោះស្រាយបញ្ហានានាដែលអ្នកជាប់ពន្ធជួបប្រទះ។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

​ការផ្តល់សេវាពិសគ្រោះយោបល់នេះ បានធ្វើឡើងតាមរយៈមជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរស័ព្ទ (GDT Call Center 1277) ចំនួន ៣៨ ៩០៤ ករណី, កម្មវិធីជជែកផ្ទាល់តាមសារឆ្លើយឆ្លងជាមួយអ្នកជាប់ពន្ធ (GDT Live Chat) ចំនួន ១៧ ៦៨៦ ករណី, បណ្តាញទំនាក់ទំនងសង្គម Facebook ចំនួន ២ ៦១៣ ករណី, កម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (GDT E-Learning) ចំនួន ២១ លើក, ព័ត៌មានពន្ធដារ កម្ពុជា (GDT News Channel) ចំនួន ៧២៨ ករណី និងកម្មវិធីពន្ធដារកម្ពុជា (GDT Facebook Live) ចំនួន ២៦ លើក។

ជាមួយគ្នានេះ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារថែមទាំងបាន បានផ្តល់សេវាគាំទ្រអេឡិចត្រូនិក e-Tax Service បានចំនួន ២០ ៩២១ ករណី ក្នុង គោលដៅដោះស្រាយបញ្ហា និងគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានារបស់អគ្គនាយកដ្ឋានពន្ធដារជូនអ្នកជាប់ពន្ធ និង មន្ត្រីពន្ធដារ។

​លើសពីនេះ បានផ្តល់កិច្ចសហប្រតិបត្តិការផ្នែកពន្ធដារជាមួយស្ថាប័នពាក់ព័ន្ធតាមរយៈការ ចូលរួមប្រជុំ និងជួបពិភាក្សាការងារសរុបចំនួន ៣០១ លើក ក្នុងនោះជាមួយស្ថាប័នជាតិ ចំនួន ២៦៦ លើក វិស័យឯកជននិងអង្គការសមាគមចំនួន ៣១ លើក និងស្ថាប័នអន្តរជាតិចំនួន ៥ លើក៕