(ភ្នំពេញ)៖ រយៈពេល ៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ សហគ្រាសចំនួន ៧ ៣៤២ បានមកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះ ការចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៥ ៧៤៧ សហគ្រាស។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ចំណែកនៅក្នុងកក្កដា អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យនិងអនុម័តការស្នើសុំចុះបញ្ជីពន្ធដារ បានចំនួន ១ ១៩៩ សហគ្រាស ក្នុងនោះតាមថ្នាល CamDX ចំនួន ៩៦៣ សហគ្រាស។
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការងារចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្ដកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អនិងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យនិងស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រឈមនានា៕