(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា «ការពិតណាស់! ស្រុកដែលគ្មានសន្ដិភាព កុំថាឡើយអញ្ជើញគេ ឲ្យលុយគេទៀត ក៏គេមិនមកដែរ» ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតចែកពូលការប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១៦ ខែសីហាម្សិលមិញ ។ សម្រាប់ពានអន្តរជាតិនេះ មានការអញ្ជើញចូលរួមពីប្រតិភូក្លិបកីឡាវាយសីនគរបាល មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានចំនួន ៥ចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម ។
លោក សរ សិទ្ធិ មានប្រសាសន៍ថា ការរៀបចំ និងការចូលរួមនេះ ពិសេសក្រុមប្រតិភូកីឡាមកពីក្រៅប្រទេស ក៏ដោយសារប្រទេសមានសន្ដិភាព ទើបមានឱកាសជួបជុំលេងកីឡា ដូចពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព» ។ តាមរយៈនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ក្រៅពីការបំពេញការងារ និងសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីសុខភាព ហើយកុំនាំគ្នាជឿតាមការឃោសនារបស់ពួកជ្រុលនិយមមួយក្ដាប់តូច ដែលមានបំណងចង់បំផ្លាញ់សន្ដិភាព ។
ទន្ទឹមជាមួយការប្រកួតដែលមានអត្តពលិកបរទេសចូលរួមនេះដែរ លោកបន្ដថា «ស្រុកយើងមានសុខសន្ដិភាព គេលេងសប្បូរសប្បាយ ជាក់ស្ដែងដូចបរទេស(ប្រតិភូមកប្រកួត) គាត់ប្រាប់ខ្ញុំថា គាត់មកស្រុកយើង គាត់សប្បាយ គាត់មានភាពកក់ក្ដៅ គាត់ប្រសិទ្ធនាមថា ប្រទេសយើងជាទឹកដីមួយដ៏ពិសិដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ ពិសេសប្រជាពលរដ្ឋ មានភាពរួសរាយរាក់ទាក់ និងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់។ អ៊ីចឹងហើយស្រុកសន្ដិភាព មិនត្រឹមតែការអភិវឌ្ឍទេ គឺយើងបានទាក់ទាញភ្ញៀវបរទេសមកពីជុំវិញពិភពលោកថែមទៀត» ។
លោកបន្ដថា «ពាក្យថា កីឡារស់ក្នុងសន្ដិភាព មានសន្ដិភាពដោយសារសម្ដេចតេជោ ហ៊ុន សែន លោកជាស្ថាបនិកឯក នៃនយោបាយឈ្នះឈ្នះ ដែលនាំឲ្យប្រទេសយើងមានសុខសន្ដិភាព មកដល់សព្វថ្ងៃ មានសន្ដិភាព ទើបយើងមានការឱកាសជួបជុំលេងកីឡា ហើយយើងមានឱកាសលេងកីឡានេះហើយ ដែលធ្វើឲ្យយើងមានសេចក្ដីសុខខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ ហើយបើគ្មានសន្ដិភាពទេ តើយើងមានឱកាសណាមកលេងកីឡានេះ?» ។
«ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន-យុវនារីទាំងអស់ ដែលស្រលាញ់វិស័យកីឡា ឲ្យយកពេលវេលា និងយកចិត្តទុកដាក់ងាកមកស្រលាញ់វិស័យកីឡា កុំនាំគ្នាទៅជឿតាមការឃោសនារបស់ពួកជ្រុលនិយម ពួកក្រៅច្បាប់ ដែលចង់បំផ្លាញសុខសន្ដិភាពរបស់ពួកយើង។ យើងមើលប្រទេសមិនមានសុខសន្ដិភាព សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមនៅអ៊ុយក្រែន តើបានអ្វី ក្រៅពីបន្សល់នូវគំនរផេះផង់ នូវការបាត់បង់ និរាសព្រាត់ប្រាស់គ្រួសារ កូនកំព្រាឪពុក-ម្ដាយ ។ អ៊ីចឹងសង្គ្រាម អត់មានអីនាំឲ្យយើងរីកចម្រើន ហើយមានសេចក្ដីសុខទេ ប្រទេសយើងបានប៉ុណ្ណឹង ដោយសារលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធ្វើម៉េចឲ្យប្រទេសយើង រក្សាបាននូវសុខសន្ដិភាព មកដល់ពេល គឺមិនងាយទេ» ។
«ហេតុនេះ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវជន យុវជននារីទាំងអស់ កុំជឿការឃោសនារបស់គេ ហើយសូមស្រលាញ់ និងចូលរួមថែរក្សាប្រទេសជាតិនេះ គឺដើម្បីខ្លួនយើង មិនមែនដើម្បីសម្ដេចតេជោទេ គឺដើម្បីគ្រួសារយើង បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា យើងស្រលាញ់ប្រទេសយើង យើងថែដរក្សាសុខសន្ដិភាព ដើម្បីយើងទាំងអស់គ្នា មិនមែនដើម្បីអ្នកណាម្នាក់ទេ» ។ លោក សរ សិទ្ធិ បន្ថែម ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្ដរជាតិ ពានរង្វាន់ “ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា” លើកទី១ បង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្ដាក្លឹបកីឡាវាយសីយុវជនជានគរបាលប្រទេសនានាក្នុងតំបន់ ។ ការប្រកួតនេះ ធ្វើឡើង ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៕