(ភ្នំពេញ)៖ នៅម៉ោង៤៖០០រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចម៉ែ មុនីនាថ សីហនុ នឹងយាងគោរពវិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាម លោកស្រី ស៊ុក សោភ័ណ្ឌ នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់អង្គការ PSE។
លោក Christian de Pallière ជាជនជាតិបារាំងដែលបានជួយកុមារកម្ពុជា រាប់ពាន់នាក់ពីគំនរសំរាម ឲ្យមានអនាគតភ្លឺស្វាងនោះ បានទទួលមរណភាព នៅវេលាម៉ោង៦៖៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ ដោយជរាភាព។ លោកបានទទួលមរណភាព ក្នុងអាយុ៨២ឆ្នាំ។ ពេលនេះ សពរបស់របស់លោកកំពុងត្រូវបានតម្កល់នៅក្នុង អង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សាសឡា)។
តាមការប្រកាសរបស់ PSE បានឱ្យដឹងថា សពលោក Christian de Pallière នឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល។
សូមជំរាបថា នៅព្រឹកមិញនេះ លោក ហង់ ជួនណារ៉ុង រដ្ឋមន្ដ្រីក្រសួងអបរំ យុវជន និងកីឡា ក៏បានដឹកនាំមន្រ្តីក្រសួងអប់រំ ចូលរួមបុណ្យសព លោក Christian GAUQUELIN des PALLIERES ផងដែរ។ ដោយឡែក នៅម៉ោង៤៖០០រសៀលនេះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏នឹងអញ្ជើញទៅគោរពវិញ្ញាក្ខន្ធសពស្ថាបនិក PSE នេះថែមទៀត៕