(ព្រះសីហនុ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំក្រុមការងារជំនាញសុខាភិបាល អញ្ជើញចុះពិនិត្យសេវាថែទាំ ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលមានបម្រើសេវាសុខភាព ពិគ្រោះជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងជំងឺផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ រួមទាំងណែនាំដល់មន្រ្តីបុគ្គលិក ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការពិនិត្យព្យាបាលជូនអ្នកជំងឺ។ ជាពិសេសទៅលើការថែទាំទុកដាក់សម្ភារៈនិងសោភ័ណភាពនៅក្នុងមន្ទីរពេទ្យឱ្យបានល្អម៉តចត់ ដើម្បីឱ្យការផ្ដល់សេវាសុខាភិបាលមួយនេះ កាន់តែជាទីទុកចិត្ដរបស់ជូនប្រជាពលរដ្ឋ។
ខណៈអញ្ជើញចុះពិនិត្យមូលដ្ឋានសុខាភិបាលខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ស្នើឱ្យមន្ទីរពេទ្យបង្កើនការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស ការព្យាបាល បន្តពង្រីកសេវាឱ្យបានច្រើន និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។
បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារ លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រីក៏បានបន្តអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរសុខាភិបាលរដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងឱកាសសំណេះសំណាលនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏នៅតែមិនភ្លេចទេនូវការលើកទឹកចិត្ដដល់មន្ដ្រីបុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យ បានផ្ដល់ជាអនុសាសន៍បន្ថែម ដើម្បីយកទៅកែលម្អចំណុចដែលខ្វះខាត និងបំពេញបន្ថែមនូវចំណុចល្អ ឱ្យតែល្អបន្ថែមទៀត។
លើសពីនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានគូសរម្លឹកពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ដែលបានស្វះស្វែងសិក្សារៀនសូត្រក្នុងវគ្គបណ្ដុះបណ្ដាល «ភាពជាអ្នកដឹកនាំ និងនាវានុវត្ដន៍» រៀងរាល់ថ្ងៃអង្គារ៍ចាប់ពីម៉ោង២រសៀលដល់ម៉ោង ៥រសៀល ដែលបង្រៀនផ្ទាល់ដោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី តាមរយៈប្រព័ន្ធវីដេអូ។
លោកសាស្ដ្រាចារ្យក៏បានសម្ដែងនូវការសប្បាយចិត្ដ ដែលបានឃើញបុគ្គលិកទាំងអស់ ក្រោយបានរៀនជារៀងរាល់សប្ដាហ៍នេះហើយ បានយល់ច្បាស់ និងយកមកអនុវត្ដ និងអភិវឌ្ឍខ្លួនបានយ៉ាងល្អនេះ។ ក្នុងឱកាសចុះមកមើលការអនុវត្ដន៍ការងារផ្ទាល់តាមមន្ទីរពេទ្យនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានណែនាំបន្ថែម ដើម្បីឱ្យការបម្រើសេវាសុខភាពមួយនេះ ឱ្យកាន់តែភាពល្អប្រសើរ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានបង្ហាញគន្លឹះចំនួន៥ចំណុចបន្ថែមទៀតផងដែរ ក្នុងភាពជាអ្នកដឹកនាំ៖
១៖ ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ដោយបេះដូង
២៖ ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា បែបគតិបណ្ឌិត (គិតល្អ គិតត្រូវ សំដៅប្រយោជន៍រួមទាំងអស់គ្នា)
៣៖ ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ធ្វើជាគំរូ
៤៖ ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង
៥៖ ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ។
បន្ថែមពីលើនេះ គឺត្រូវស្រលាញ់ និងបន្តការរៀនសូត្រ ការបណ្តុះបណ្តាលបន្ត បង្កើនសមត្ថភាពខ្លួនជាគ្រូពេទ្យ ជាគិលានុបដ្ឋាក-យិកា ជាឆ្មប ជាអ្នកចូលខ្លួនចូលរួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ជឿទុកចិត្តបាន ប្រកបដោយគុណធម៌ ផ្តល់គំរូដល់សហភាតរដទៃគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីជាប្រយោជន៍រួមធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕