(សៀមរាប)៖ លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណា ដែលមិនច្បាស់លាស់ ដែលអាចនាំឲ្យបង្កជាចលាចលសង្គម។ លោកបន្តថា នេះជាលើកដំបូងបំផុតដែលក្រសួងព័ត៌មាន បានយកគោលដៅខេត្តសៀមរាប ធ្វើជាកន្លែងផ្សព្វផ្សាយក្រមវិជ្ជាជីវៈសារព័ត៌មាននេះ។
ការជំរុញយ៉ាងដូច្នេះរបស់លោក ជា ច័ន្ទបរិបូរណ៌ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប សំដៅបង្កើនការយកចិត្តទុកដាក់ គោរពឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត, លោក សេង ផល្លី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តសៀមរាប និងមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភ្នាក់ងារអ្នកសារព័ត៌មានក្នុងខេត្ត ប្រមាណ២០០នាក់ចូលរួម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោក ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានដាក់ឲ្យប្រើប្រាស់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរបស់ក្រមសីលធម៌សារព័ត៌មាន។ លោកបន្តថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយមនុស្សគ្រប់រូបក៏សុទ្ធតែជាអ្នកព័ត៌មានផងដែរ។ សម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនឲ្យមានកិត្តិយស មានសេចក្តីថ្លៃថ្នូ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។
យោងតាមរបាយការណ៍របស់ លោក សេង ផល្លី បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាបក្នុងឆ្នាំ២០២៤ គឺជាឆ្នាំដ៏មមាញឹក នៃការរៀបចំព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ។ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន៖ «ឆ្នាំទស្សនាសៀមរាប» និង«ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន» ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ និងអន្តរជាតិជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។
ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព។ លើសពីនេះទៅទៀត អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្ត ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ មន្ទីរព័ត៌មាន រាជធានី/ខេត្ត បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួនផងដែរ។
ថ្លែងក្នុងពិធីបិទសំណេះសំណាលនេះ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ពិធីនេះជាស្ពានចម្លងសម្រាប់ជំនួបរវាងអាជ្ញាធរ ជាមួយអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជំរុញឲ្យមានកិច្ចសហការល្អរវាងគ្នា ក៏ដូចជាធ្វើការបញ្ជ្រាបបន្ថែមពីសេរីភាពសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ ព្រមទាំងមានប្រភពច្បាស់លាស់។ លោកបានថ្លែងកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្ត ក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានវិជ្ជមាននានា ដើម្បីលើកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូលផងដែរ៕