(កំពង់ឆ្នាំង)៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងក្រុមការងារ រួមទាំងកងកម្លាំងប្រដាប់អាវុធ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចុះធ្វើការផ្សព្វផ្សាយ និងចាក់សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលពន្យល់ដល់ជនរួមជាតិពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-និងវៀតណាម CLV DTA។

លោកបន្ដថា ការអភិវឌ្ឍនេះបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រទេសជាតិជាច្រើន គឺមិនមែនជាការដាក់ហ៊ុនទឹកដី ឬដោះដូរទឹកដីនេះ ហើយប្រទេសនីមួយៗ មានឯករាជ្យ និងម្ចាស់ការដោយខ្លួនឯងក្នុងការអភិវឌ្ឍ។ លើសពីនេះទៀត រាល់ការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ ធ្វើឡើងរៀងៗខ្លួន ដោយកម្ពុជា មានកញ្ចប់ថវិកាជាតិសម្រាប់អភិវឌ្ឍន៍ ដូចជាមូលនិធិឃុំសង្កាត់ជាដើម។

លោក សាន់ យូ បានពន្យល់ដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបន្ថែមទៀត ដើម្បីឲ្យពួកគាត់មានការយល់ដឹងឲ្យកាន់តែច្បាស់ ចំពោះការសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយលោកសុំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែមានជំនឿទុកចិត្តយ៉ាងមុតមាំទៅលើសម្ដេចតេជោ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ទាំងការនាំ មកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពសម្បូរសប្បាយ តាំងពីប្រទេសកម្ពុជារបស់យើងរងនូវមហាវានាសកម្មដោយសារសង្គ្រាម រហូតធ្វើឲ្យប្រទេសរបស់យើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីទីក្រុងរហូតដល់មូលដ្ឋាន ពិសេសប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសម្បូរសប្បាយ និងដោយសុខដុមរមនាតាំងពីក្រោយសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។

លោកក៏បានបញ្ជាក់ថា រយៈពេលថ្មីៗនេះ មានក្រុមជ្រុលនិយមមួយចំនួនឃោសនាញុះញង់ដល់ប្រជាពលរដ្ឋ រហូតដល់មានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៀតផង ហេតុនេះសូមប្រជាពលរដ្ឋកុំចាញ់នូវឧបាយកលរបស់ក្រុមទុច្ចរិតមួយចំនួន ដែលមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាល ពោលត្រូវតែមានជំនឿមកលើរាជរដ្ឋាភិបាល ដែលតែងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានភាពសម្បូរសប្បាយប្រជាពលរដ្ឋរស់នៅមានជីវភាពធូរធារចាកផុតពីភាពក្រីក្រ។

បន្ទាប់ពីបានស្ដាប់នូវសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន រួចមកប្រជាពលរដ្ឋមានការយល់ដឹងយ៉ាងច្បាស់ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការនេះ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រឆាំងដាច់ខាតចំពោះក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តជូនប្រជាជន៕