(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះមកពិនិត្យការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ និងបានប្រទះឃើញបទល្មើសនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទមួយចំនួន។
លោកអភិបាលខេត្ត និងលោកព្រះរាជអាជ្ញា ក៏បានបញ្ជាឲ្យគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះជាបន្ទាន់ ដោយធ្វើយ៉ាងណាត្រូវរុះរើ និងដុតបំផ្លាញចោលឲ្យអស់ចំពោះឧបករណ៍នេសាទល្មើសច្បាប់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។ ដោយឡែកខណៈដែលកំពុងធ្វើសកម្មភាពដុតបំផ្លាញនូវឧបករណ៍នេសាទខុសច្បាប់ខាងលើនេះ ទៅថតរូបភាពផ្ញើជូនលោកកុំខានឲ្យសោះ។
លុះនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរតាមទូកបាឡាស្មាច់១ គ្រឿងទៅកាន់ទីតាំងបទល្មើសខាងលើនេះ ដើម្បីថតផ្ដិតយករូបភាពអំពីសកម្មភាពការរុះរើ និងការដុតបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជន ពិសេសជូនដល់ជនមួយចំនួនតូច ដែលនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទដែលច្បាប់បានហាមឃាត់ក្នុងរដូវបិទនេសាទនេះដើម្បីឲ្យមានការរាងចាល។
ក្រោយមកទើបឃើញមានមន្ត្រីសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ចំនួន៣នាក់ មធ្យោបាយបាឡាស្មាច់១គ្រឿង ចុះមកដល់ទីតាំងបទល្មើសខាងលើ និងបានធ្វើសកម្មភាពរុះរើរបាំងសាច់អូនក្រឡាញឹក (សាច់សារ៉ូ) ដែលមានទំហំក្រឡាត្រឹមតែ៥លី និងសាច់អូនក្រឡា ១ហ៊ុន និងបង្កុលរបាំងបានមួយចំនួន។
លោក កែវ ធូ នាយសង្កាត់នេសាទស្រុកបរិបូរណ៌ ដែលបានដឹកនាំសមត្ថកិច្ចរបស់ខ្លួនចុះបង្ក្រាប និងរុះរើកាប់បំផ្លាញរបាំងលបក្រឡាញឹក (សាច់សារូ) នៅចំណុចខាងលើនេះ បានឲ្យដឹងថា នៅព្រឹកថ្ងៃ១៦ ខែសីហានេះ កម្លាំងរបស់លោកចំនួន៣នាក់មធ្យោបាយ មានកាណូតបាឡាស្មាច់១គ្រឿង បានចុះរុះរើកាប់បំផ្លាញរបាំងលបក្រឡាញឹក (សាច់សារូ) ១កន្លែង តាមការចង្អុលបង្ហាញរបស់ក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ។
លោកបានរុះរើសាច់អូនក្រឡាញឹក បានប្រវែងប្រវែង២០០ម៉ែត្រ បង្គោលរបាំងចំនួន២០០ដើម។ ក្នុងការចុះបង្ក្រាបខាងនេះឧបករណ៍នេសាទសាច់អូនក្រឡាញ់ញឹក (ឬសាច់សារ៉ូ)មួយចំនួន ត្រូវបានជនល្មើសពន្លិចយកជើងកញ្ចុះជាន់បង្កប់នៅបាតដី ហើយក៏ត្រូវបានសមត្ថកិច្ចរកឃើញអូសយកឡើងពីទឹកមកកំទេចចោលផងដែរ។
ដោយឡែកតាមរបាយការណ៍របស់លោក អ៊ូ សោភ័ ណ្ឌ នាយរងខណ្ឌរដ្ឋបាលកំពង់ឆ្នាំង ដែលបានដឹកនាំសមត្ថកិច្ចជលផលចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់មធ្យោបាយបាឡាស្មាច់២គ្រឿងមានកម្លាំងសរុប៦នាក់ ចុះរុះរើរបាំងលបលូខាងលើនេះផងដែរ។ ជាលទ្ធផលបានរុះរើ និងកាប់បំផ្លាញរបាំងលប ១ករណីមាន៤កន្លែង ប្រវែង៤០០ម៉ែត្រ បង្គោល២៥០ដើម លបលូ៨មាត់ និងចាក់លែងកូនត្រីចម្រុះចំនួន១០គីឡូផងដែរ៕