(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនកម្ពុជា បានឲ្យដឹងថា ដើម្បីសម្រួល និងចូលរួមឲ្យមានការប្រកួតប្រជែងស្មើភាព ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួត ប្រជែងស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់ សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។
ការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិស័យមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា» នៅខេត្តឧត្តរមានជ័យថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
លោក រ័ត្ន សុវណ្ណនរៈ នេះថា ជុំវិញវិស័យហិរញ្ញវត្ថុនេះបានកំពុងទទួលរងនូវការ ចោទប្រកាន់មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយបារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួស ពីតម្រូវការដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុលលើសលប់ និងការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង ការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់។
លោកបានបន្ដថា បញ្ហាចម្បងៗដែលជាដើមហេតុនៃ ការចោទប្រកាន់ទាំងនេះរួមមាន ការផ្ដល់កម្ចី សកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃ ក្នុង ការផ្តល់ឥណទាន ការផ្តល់ឥណទាន ដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្តការងាររបស់បុគ្គលិកគ្រឹះស្ថាន ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈជាដើម។
លោក រ័ត្ន សុវណ្ណនរៈ បានជម្រាបជូនអង្គសិក្ខាសាលាថា «ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុក ដាក់ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្តែងធនាគារជាតិ នៃកម្ពុជាបានកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ»។
លោកបានបន្ដថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅ តាមតំបន់មូលដ្ឋាន ជាក់ស្តែងធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។
ក្នុងនោះលោកបានលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួលខុស ត្រូវ ហើយត្រូវចៀសវាងការស្នើសុំឱ្យ អាជ្ញាធរមូលដ្ឋានចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ ឈ្មោះរបស់អាជ្ញាធរដើម្បីដាក់សម្ពាធណាមួយដល់អតិថិជនជាដើម៕