(កណ្ដាល)៖ លោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំលោកអភិបាលរង និងកងកម្លាំងទាំងបី អញ្ជើញចុះផ្សព្វផ្សាយពី កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA និងណែនាំ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង កុំឲ្យជឿនូវការញុះញង់ពួកជ្រុលនិយមចូលរួមធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
លោកអភិបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលមានការចូលរួមពីមន្ត្រីទាំងអស់ ប្រជាការពារទាំងអស់ និងកងកម្លាំងទាំងបីផងដែរ ដើម្បីផែនការ ការពារសន្តិសុខសង្គម ទប់ស្កាត់ការមានចេតនាបង្ករចលាចលណាមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ស្ថិតក្នុងឱកាសផ្សព្វផ្សាយពន្យល់ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត១ពាន់នាក់នៅវិទ្យាល័យទឹកឃ្លាំង, លោកបណ្ឌិតបានពន្យល់យ៉ាងក្បោះក្បាយពីផែនការអភិវឌ្ឍនៅតំបន់ត្រីកោណ ដែលគម្រោងនេះពិតជានាំឲ្យកម្ពុជាមានផលចំណេញ និងពលរដ្ឋស្គាល់ការរីកចម្រើននៅម្ដុំនោះ មិនដូចការបំផុសគ្មានការពិតរបស់ក្រុមមនុស្សទុច្ចរិតជ្រុលនិយមនោះឡើយ។
ជាការឆ្លើយតប និងសម្រែកជ័យឃោសយ៉ាងកងរំពងនោះ លោកគ្រូ អ្នកគ្រូ និងប្រជាការពារទាំងអស់ បានស្រែកគាំទ្រពីគម្រោងនៃកិច្ចសហប្រត្តិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង។
បន្ថែមលើសនេះ លោកបណ្ឌិតអភិបាលស្រុក ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះត្រួតពិនិត្យនៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុក ដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងស្រុកល្វាឯមទាំងយប់ ទាំងថ្ងៃផងដែរ៕