(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ គណៈកម្មការបច្ចេកទេសត្រីភាគី ដែលមានក្រសួងការងារ និយោជក និងសហជីព នឹងបើកការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បន្តទៀត។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា សហជីពបានបង្ហាញពីជំហរចង់ឱ្យភាគីទាំងអស់បញ្ចប់ការពិភាក្សា ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌនេះ។ លោកថា «យើងអត់ទាន់ប្រាកដថាយ៉ាងម៉េចទេ គ្រាន់តែថាភាគីសហជីពប្រកាន់ជំហរ ១៧៧.៥៩ដុល្លារ ឯភាគីនិយោជក ១៤៦.៣៧ដុល្លារ ហ្ចឹងវានៅមានកម្រិតខុសគ្នាឆ្ងាយ, ប្រសិនជាអាចកំណត់តួលេខណាមួយ យើងទុកឱ្យគណៈកម្មការក្រុមប្រឹក្សាការងារ ជាអ្នកប្រជុំសម្រេចទៀត»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ភាគីថៅកែរោងចក្រ បានយល់ព្រមដាក់តួលេខថ្មី ១៤៦.៣៧ដុល្លារ។ ចំណែកឯភាគីខាងសហជីព ក៏ទម្លាក់តួលេខរបស់ខ្លួនមកនៅត្រឹម ១៧៧.៥៩ដុល្លារផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា តួលេខទាំងពីរនេះ នៅមានគម្លាតពីគ្នាឆ្ងាយនៅឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនបន្ទាប់ពីមានការចរចាដំឡើងប្រាក់ឈ្នួល ពីភាគីពាក់ព័ន្ធនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត៕