(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចស្រេចដើម្បីទប់ស្កាត់ក្រុមចលនាជ្រុលនិយម ដែលគ្រោងធ្វើបាតុកម្មប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាល នាថ្ងៃ១៨ ខែសីហា ខាងមុខនេះ ដោយបានបែងចែកជា ក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។

ចំពោះក្រុមអគតិ និងពួកជ្រុលនិយម គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនឲ្យកើតមានចលនាជ្រុល និយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយធានាបាន១០០ភាគរយ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារតាមដានសភាពការណ៍ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងភូមិសាស្ត្រ ខណ្ឌទាំង១៤ ហើយក្រុមការងារនេះមានសមាសភាពចូលរួមដូចខាងក្រោម៖

*ក្រុមការងារល្បាត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖

ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន២ក្រុម ក្នុងនោះ ក្រុមទី១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង។

ក្រុមទាំងពីរនេះ មានភារកិច្ច ប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ជួបជុំគ្នា នៅមុខកីឡដ្ឋានជាតិមរតតេជោ (មហាវិថីឈ្នះឈ្នះ) សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើការល្បាត នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមដងផ្លូវនានា ដោយកាត់តាម គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក៏ដូចជាភូមិសាស្ត្រស្មុគស្មាញ និងតាមបណ្តាសំណង់មិនរៀបរយនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន០២ដង ក្នុង១ថ្ងៃគឺ ពេលព្រឹកចាប់ពីម៉ោង០៨៖៣០នាទី តទៅ និងពេលយប់ចាប់ពីម៉ោង១៩៖០០នាទីតទៅ។

ដោយឡែកក្នុងករណីមានការសង្ស័យ អំពីមានការប្រមូលផ្តុំ ឬតវ៉ា នៅត្រង់ចំណុចទីតាំង ឬដងផ្លូវណាមួយនោះ ត្រូវចាត់វិធានការឃាត់ខ្លួន និងរាយការណ៍ជូនមកលោកអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដឹកនាំអនុវត្តបន្ត។

*ក្រុមការងារល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដឹកនាំដោយលោក លោកស្រី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោកអធិការនគរបាលខណ្ឌ។

កងរាជអាវុធហត្ថខណ្ឌទាំង១៤ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ ដឹកនាំដោយលោកប្រធានប្រជាការពារខណ្ឌ។

សូមជម្រាបថា ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការលើការងារពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការប៉ុនប៉ង ញុះញង់ បង្កចលាចល និងធ្វើវិទ្ធង្សនាសង្គម ប្រឆាំងនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA (ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤)។

ដើម្បីធានាឲ្យការអនុវត្តផែនការការពារនេះមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបង្កើតគណៈបញ្ជាការសម្រាប់ដឹកនាំបញ្ជា និងត្រួតពិនិត្យ ដោយឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន ដែលមានអនុប្រធានចំនួន១២រូប និងមានសមាជិក៣រូប។

ក្នុងនោះ រួមមានលោក កើត ឆែ, លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី, លោក ហួត ហៃ , លោកស្រី កែវ សុខពិសី ,លោក អុីមរ៉ន ហាស្សាន់ ,លោក ឯក ឃុនឌឿន, លោក សេង វណ្ណៈ ,លោក ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងលោក លោកស្រីអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ,លោកហុក ហួលីមនាយករដ្ឋបាលស្តីទីសាលារាជធានីភ្នំពេញ, លោក ផយ ពណ្ណ នាយកទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស ជាសមាជិក៕