(សៀមរាប)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអ្នកធ្លាប់ហែរឆ្លងកាត់សង្គ្រាមកាលពីអតីតកាល បានក្រើនរំលឹកដល់យុវជន យុវតី កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងបញ្ជាកម្លាំងអាវុធហត្ថ ត្រៀមកម្ទេចចោលជនទាំងឡាយណាដែលប្រើអាវុធប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបថ្មី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវយុវជនជំនាន់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណារួមដៃគ្នារក្សានូវសុខសន្ដិភាព ដែលស្វែងមកដោយលំបាក ដើម្បីកម្ពុជាបន្ដឱកាសអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្ដរ៍។ លោកថា បើប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម មិនអាចស្គាល់ការរីកចម្រើនអភិវឌ្ឍន៍បានឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះអំពាវនាវឲ្យបងប្អូនប្រជាជននៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស ពិសេសកូនៗ ក្មួយៗ យុវជន ដែលស្រលាញ់ប្រទេសជាតិ ស្រលាញ់ទឹកដី។ ឪពុក ពូ អ៊ុំ នៅទីនេះគឺខ្ញុំផ្ទាល់ ខ្ញុំស្រលាញ់ដូចប្អូន ដូចចៅទាំងអស់គ្នាអ៊ីចឹង ខ្ញុំសូមកុំឲ្យចូលរួមជឿតាមការញុះញង់នេះ ព្រោះការញុះញង់នេះគឺជាការបំផ្លាញខ្លួនយើង។ សូមជម្រាបថា គ្មានអ្នកវិនិយោគ គ្មានទេសចរណ៍ គេមកធ្វើទេសចរណ៍ និងមកវិនិយោគក្នុងប្រទេសដែលអសន្ដិសុខនោះទេ»។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា, គ្រប់អ្នកវិនិយោគ និងអ្នកទេសចរណ៍ គេមិនដែលទៅរកស៉ីបណ្ដាក់ទុន ឬដើរលេងកម្សាន្ដនៅប្រទេសដែលកំពុងមានសង្គ្រាមនោះទេ ជាក់ស្ដែងដូចនៅមជ្ឈបូពា៍ ឧបទ្វីបកូរ៉េឡើយ។ ដូច្នេះមិនត្រូវឲ្យប្រទេសកម្ពុជា ដែលពោរពេញទៅដោយសុខសន្ដិភាព និងការអភិវឌ្ឍធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមជាដាច់ខាត។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសបញ្ជាក់ថា ពន្យល់អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ និងបញ្ជាក់ពីឧបាយកលពួកប្រឆាំងប្រឌិតព័ត៌មានប្រើលេសបាត់បង់ទឹកដីដើម្បីកៀរគរមនុស្សឲ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាសឆក់ប្លន់លួច និងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្ស។
នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវឲ្យមានការចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងបញ្ជាកម្លាំងឲ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបជនល្មើសដែលប្លន់ លួច និងកំទេចចោលជនណាប្រើអាវុធប្រឆាំងអាជ្ញាធរ មន្ត្រីអនុវត្តច្បាប់ និងផលប្រយោជន៍ប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាយ៉ាងដាច់ណាត់ឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារផលប្រយោជន៍ជាតិរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាយុវជនជំនាន់ក្រោយ៕