(ភ្នំពេញ)៖ អ្នកវិនិយោគ ជាជនជាតិចិនចំនួន៣នាក់ បានដាក់ពាក្យបណ្ដឹង ប្ដឹងបុគ្គលឈ្មោះ ង៉ោ កុកគង់ ពីបទឆបោក និងបានស្នើសុំរាជរដ្ឋាភិបាល ជួយអន្ដរាគមន៍ដោះស្រាយ។ នេះបើយោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ជនជាតិចិនទាំង៣នាក់ ខាងលើនេះ មានឈ្មោះ៖ HUANG WENCHAO (ហ័ង វីងឆាវ), YU GUOQUAN (យី គូឈាង) និង ZHANG HUIJIAN (ចាំង ហ៊ុយជៀន) បានមកបណ្ដាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៧។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ លោក ហ័ង វីងឆាវ បានឲ្យដឹងថា ដើមឡើយ ក្នុងឆ្នាំ២០១៧ ពួកគាត់បានដាក់ទុនវិនិយោគ នាំបន្លែ និងផ្លែឈើចម្រុះ ពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ដោយមានទីតាំងឃ្លាំង ស្តុងទំនិញ នៅរាជធានីភ្នំពេញ។
លុះដល់ឆ្នាំ២០១៩ ការរកស៊ីរីកចម្រើន ទៅមុខជាលំដាប់ ពួកគាត់ ក៏សម្រេចចិត្តបានបង្កើតក្រុមហ៊ុន ហ៊ួរ ទៀន ដោយពួកគាត់ជាជនជាតិចិន មិនអាចឈរឈ្មោះ បង្កើតក្រុមហ៊ុនបាន ពួកគាត់ស្គាល់ ឈ្មោះ ង៉ោ កុកគង់ តាមរយៈឈ្មោះ លីវ ឈាវម៉ី ជនជាតិខ្មែរ គាត់ចេះនិយាយភាសាចិន ទើបជួលឲ្យឈ្មោះ ង៉ោ កុកគង់ ជាអ្នកឈរឈ្មោះ ក្នុងភាគហ៊ុន៥១% ភាគីបរទេស មានភាគហ៊ុន៤៩%។
លោក ហ័ង វីងឆាវ បានបន្ថែមទៀតថា ការបង្កើតក្រុមហ៊ុននេះ ឈ្មោះ ង៉ោ កុកគង់ មិនមានប្រាក់ទុនវិនិយោគសោះឡើយ គឺគ្រាន់តែឈរឈ្មោះ ក្នុងលក្ខន្តិកៈក្រុមហ៊ុនឲ្យស្រប ទៅតាមច្បាប់ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ អស់រយៈពេល៣ឆ្នាំ អំឡុងជំងឺកូវីដ-១៩ កើតឡើង ឈ្មោះ ង៉ោ កុកគង់ បានឃុបឃិតគ្នា បន្លំឯកសារ និងបន្លំលុយកាក់ក្រុមហ៊ុនតែម្តង។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទុនវិនិយោគដែលបានមកពីការរកស៊ី (ប្រាក់ចំណេញ) មានការកើនឡើង ស្រាប់តែឈ្មោះ ង៉ោ កុកគង់ មិនបានផ្តល់ភាគលាភបែកចែក នៃផលចំណេញមកឲ្យភាគហ៊ុន ជាភាគីចិនសោះឡើយ។ មិនតែប៉ុណ្ណោះ ឈ្មោះ ង៉ោ កុកគង់ ជាជនជាតិខ្មែរ ដ៏មានឥទ្ធិពលមានអំណាច បានរំលោភយកផលចំណេញទាំងអស់ និងក្ដោបក្ដាប់ក្រុមហ៊ុននោះ ទាំងស្រុងតែម្តង។
ពួកគាត់ បានដាក់ពាក្យបណ្តឹង ទៅកាន់ស្ថាប័នប៉ូលីស នៃក្រសួងមហាផ្ទៃ ឲ្យចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទរំលោភទំនុកចិត្ត ហើយបញ្ជូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញទៀតផង។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានប្រែក្រឡាស់ ពីសទៅខ្មៅ ដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ឲ្យឈ្មោះ ង៉ោ កុកគង់ បាននៅក្រៅឃុំវិញ។
លោក ហ័ង វីងឆាវ បានឲ្យដឹងទៀតថា ឈ្មោះ ង៉ោ កុកគង់ ក៏ធ្លាប់ចរចារផង គំរាមសម្លាប់ផង ដោយសុំសងប្រាក់១លានដុល្លារ ជាការបញ្ចប់រឿង មិនឲ្យធ្វើការប្តឹងផ្តល់តទៅទៀត។ ប៉ុន្ដែពួកគាត់ មិនយល់ព្រមនោះឡើយដោយទាមទារ ប្រាក់សរុប២.៥លានដុល្លារ តែការចរចារនេះ មិនបានសម្រេចនោះទេ។
លោក ហ័ង វីងឆាវ ក៏សូមគោរពស្នើសុំ ដល់ប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ សូមជួយរកយុត្តិធម៌ ដល់ពួកគាត់ជាវិនិយោគិនបរទេស (ជនជាតិចិន) ដែលកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ជៀសវាងធ្វើឲ្យប៉ះពាល់ ដល់គោលនយោបាយដ៏ល្អ របស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យជនបរទេស មកធ្វើការបណ្តាក់ទុននៅកម្ពុជា នាពេលបច្ចុប្បន្ន និងពេលអនាគត៕