(មណ្ឌលគិរី)៖ វីរៈសេនីយ៍ទោ ហ៊ួន គាសេង នាយប៉ុស្តិ៍ នៃច្រកទ្វារទ្វេភាគី (ឡាប៉ាខេ) ដែលរស់នៅជាប់នឹងព្រំដែនវៀតណាមរយៈពេល២០ឆ្នាំ អះអាងថា អាជ្ញាធរនៅតំបន់នោះ បានអនុវត្តតាមច្បាប់ដ៏តឹងរឹងរបស់រាជរដ្ឋាភិបាល ដោយមិនមានឲ្យជនជាតិវៀតណាមណាមួយចេញចូល ដោយគ្មានការអនុញ្ញាតនោះឡើយ។
ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ពេលចុះទៅសម្ភាសដោយផ្ទាល់ នៃច្រកទ្វារទ្វេរភាគី ព្រំដែនខ្មែរ-វៀតណាម លោក ហ៊ួន គាសេង បញ្ជាក់ថា តាំងពីឆ្នាំ២០០៤ មកទល់ពេលនេះ រយៈពេលសរុប ២០ឆ្នាំហើយ លោកមិនដែលឃើញជនជាតិវៀតណាមណា មកតាំងទីលំនៅចូលដល់តំបន់ព្រំដែនកម្ពុជា សូម្បីមួយចង្អាម ។
នាយប៉ុស្តិ៍ ច្រកទ្វេរភាគី បានឲ្យដឹងពីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាននៅតំបន់នោះថា៖ ចំពោះប្រជាជនវៀតណាមដែលសមត្ថកិច្ចមានការសង្ស័យ ឬ ខុសពីពលរដ្ឋដែលចេញចូលរកស៊ីរាល់ដង គឺចាំបាច់ត្រូវតែថតរូប និង អត្តសញ្ញាណប័ណ្ណទុក បន្ទាប់មកបញ្ជូនទៅឲ្យអាជ្ញាធរ នៅទីរួមខេត្តតាមដានពិនិត្យពីគោលបំណងបុគ្គលនោះ បើបង្កភាពមិនប្រក្រតីអាជ្ញាធរនឹងបញ្ជូនទៅ ប្រទេសវៀតណាមវិញជាបន្ទាន់ ។
វីរៈសេនីយ៍ទោ រូបនេះបញ្ជាក់ថា ជាទូទៅទាំងប្រជាជនខ្មែរ-វៀតណាម ត្រូវមានលិខិតស្នាមច្បាស់លាស់មុន ចេញចូលច្រកទ្វារ ព្រំដែន មិនមែនចេះតែ ចេញចូលតាមចិត្តនោះទេ សម្រាប់ប្រជាជនកម្ពុជាដែលរស់នៅជាប់ព្រំដែនអាចឆ្លង រវាងឃុំនិងឃុំ ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដោយឡែកប្រជាជនដែលមកពីទីរួមខេត្តត្រូវប្រើលិខិតបើកផ្លូវ ហៅថា (លីសេប៉ាសេ) ចំណែកប្រជាជនដែលមកពីឆ្ងាយត្រូវតែប្រើលិខិតឆ្លងដែន ។
មិនមែនតឹងរឹងត្រឹមតែមនុស្សនោះទេ សម្រាប់ទំនិញវិញ ស្ថាប័នគយក្នុងតំបន់ត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់បំផុត មុននឹងកំណត់ដាក់ឲ្យចេញចូលតាមច្រកទ្វារព្រំដែន នេះបើតាមការបញ្ជាក់របស់ វីរៈសេនីយ៍ទោ ហ៊ួន គាសេង នាយប៉ុស្តិ៍ នៃច្រកទ្វារទ្វេរភាគី (ឡាប៉ាខេ)។
សូមជម្រាបថា ច្រកព្រំដែនសរុបមានចំនួន ៣ ច្រកតំបន់ គឺសម្រាប់ប្រជាពលរដ្ឋ នៅក្នុងស្រុកនិងស្រុកឆ្លងកាត់ ,ច្រកអន្តរជាតិ គឺសម្រាប់ភ្ញៀវទេសចរណ៍ដែលច្បាប់កំណត់ឆ្លងកាត់បានទាំងអស់គ្រប់ជាតិសាសន៍ ,ច្រកទ្វារទ្វេរភាគី គឺរវាងពីរប្រទេសប៉ុណ្ណោះ ដោយប្រទេសទី៣មិនអាចឆ្លងកាត់បានទេ ។
គួរជម្រាបថា ច្រកទ្វារទ្វេរភាគី ខ្មែរ វៀតណាមនេះ ខ្មែរហៅថា (ឡាប៉ាខេ) ចំណែកវៀតណាមហៅ វ៉ាង យៀវ ដោយព្រំដែននេះមានការបែងចែកព្រំប្រទល់ បោះបង្គោលយ៉ាងត្រឹមត្រូវ ព្រមទាំងមានប្រជាពលរដ្ឋខ្មែររស់នៅធ្វើស្រែចម្ការដែលប្រជាពលរដ្ឋខ្មែរនេះហើយ ជាបង្គោលដ៏រឹងមាំសម្រាប់ការពារទឹកដីពីកាឈ្លានពានរបស់ប្រទេសជិតខាង ៕