(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានចុះស្រាវជ្រាវស៊ើបអង្កេតគណនីហ្វេសប៊ុក ដោយធ្វើការឃាត់ខ្លួន យុវជនម្នាក់ទៀត ដែលចេញវីដេអូបំផុសបំផុល ឱ្យមហាជនចូលរួមធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឱ្យដឹងថា យុវជនម្នាក់នោះ មានឈ្មោះ «ធា ជីវ» ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ កម្រិតវប្បធម៌ថ្នាក់ទី០៩ថ្មី ទីលំនៅបច្ចុប្បន្នភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទ ម៉ាក IPHONE XS Max ពណ៌ខ្មៅ ចំនួន០១ (មួយ) គ្រឿង។ រូបគេបានប្រើប្រាស់គណនី ហ្វេសប៊ុក ឈ្មោះ Thea Rathaiv បង្ហោះឃ្លីបវីឌីអូចំនួន៤ឃ្លីប នៅថ្ងៃទី១៤ ខែសីហា និងថ្ងៃទី១៥ ខែសីហា បានបង្ហោះវីឌីអូចំនួន០១ឃ្លីបទៀត ដោយបានសរសេរខ្លឹមសារបំផុសបំផុល ឱ្យមហាជនទៅចូលរួមធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿង និងវត្ថុតាងដែលបានដកហូត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមរយៈដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៖ ២៦៦៤ អ.ក/២៤ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៤ តាម បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
សូមបញ្ជាក់ថា ក្រៅពីយុវជនខាងលើ សមត្ថកិច្ចខេត្តពោធិ៍សាត់ក៏បានឃាត់ខ្លួនយុវជន២នាក់ផ្សេងទៀតដែរ ពាក់ព័ន្ធនឹងបទរួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ ដោយញុះញង់បង្កចលាចលសង្គម តាមរយៈការរួមគំនិតចូលរួមកុបកម្មដោយខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសដែលពួកគេនៅស្រុកវាលវែងខេត្តពោធិ៍សាត់៕