(ភ្នំពេញ)៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ លោកស្រី Paetongtarn ដែលបានជាប់ឆ្នោត ជានាយករដ្ឋមន្រ្តីស្រ្តីទី២ និងជានាយករដ្ឋមន្រ្តីទី៣១ របស់ព្រះរាជាណាចក្រថៃ។ នេះបើលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
បើតាមសារលិខិត របស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅជាទីបំផុតចំពោះលោកជំទាវ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីទី៣១ និងជានាយកករដ្ឋមន្រ្តីស្រ្តីទី២ នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤»។
សារលិខិតដដែលបានបន្តថា៖ «ក្នុងនាមជាប្រធានគណបក្សភឿថៃ លោកជំទាវ តែងបានលះបង់ពេលវេលានៃជីវិតរបស់លោកជំទាវ បម្រើប្រយោជន៍សាធារណៈ និងជម្នះបញ្ហាប្រឈមផ្សេងៗ ដើម្បីប្រទេសថៃមួយដែលមានវិបុលភាព និងមានបរិយាបន្នជាងមុន ដែលនេះគឺជាចក្ខុវិស័យគួរឱ្យកោតសរសើរ និងសំខាន់ក្រៃលែង។
ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ បានឈានដល់កម្រិតកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដែលគូសបញ្ជាក់ដោយការចុះហត្ថលេខានូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តកាលពីខែកុម្ភៈ ឆ្នាំនេះ។ ខ្ញុំទន្ទឹងរង់ចាំ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិ និងគណបក្សយើងទាំងពីរ នឹងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងរដ្ឋាភិបាលរបស់លោកជំទាវ លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌ ព្រមទាំងបញ្ហាក្នុងតំបន់នានា។
សូមលោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមលោកជំទាវ ទទួលបាននូវសព្ទសាធុការពរ សុខភាពល្អ និងមានជោគជ័យក្នុងភាំរកិច្ចដ៏ឧត្តុងឧត្តមរបស់លោកជំទាវ»។
សូមបញ្ជាក់ដែរថា រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង៕