(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងបំភ្លៃតាមបណ្តាញសង្គមមួយចំនួនដែលថា ខ្លួនបានតែងតាំងអតីតជនជាតិវៀតណាមម្នាក់ជាទីប្រឹក្សា។ ជាមួយនឹងការច្រានចោលនេះ គ.ជ.ប បានស្នើឱ្យសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

សេចក្តីបំភ្លឺរបស់គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនរបស់សមាជិកក្រុមប្រឆាំង បានឆ្លៀតកេងចំណេញនយោបាយ ដោយផ្សព្វផ្សាយចោទប្រកាន់ថា គ.ជ.ប បានតែងតាំងអតីតជនជាតិវៀតណាមដែលបានប្តូរឈ្មោះមកជា «ជិន សារិន» ឱ្យធ្វើជាទីប្រឹក្សា។

សេចក្តីបំភ្លឺរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា៖ «នៅប៉ុន្មានម៉ោងមុននេះ មានគណនី Facebook មួយឈ្មោះ “អវតា ស” បានផ្សព្វផ្សាយ ប្រឌិតរឿងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានឈ្មោះ ជិន សារិន អតីតជនជាតិវៀតណាម ជាទីប្រឹក្សា គ.ជ.ប។ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប សូមច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនី Facebook នេះ ដែលថា ឈ្មោះ ជិន សារិន ជាអតីតជនជាតិ វៀតណាម កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៤ កំពុងធ្វើការជាទីប្រឹក្សានៅ គ.ជ.ប»

បើតាមសេចក្តីបំភ្លឺរបស់គ.ជ.ប បានឱ្យដឹងថា បច្ចុប្បន្ននៅ គ.ជ.ប មានមន្ត្រីមួយរូប ឈ្មោះ ជិន សារិន ដែលគាត់បានចូល បម្រើការងារតាំងពីឆ្នាំ១៩៩៨ និងកើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣។ ការចុះផ្សាយរបស់ គណនី Facebook ឈ្មោះ «អវតា ស» ជាព័ត៌មានមិនពិត ដែលមានចេតនាអាក្រក់ ពិសពុល និងជាការបរិហារកេរ្តិ៍ ចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប ដែលអាចនាំឱ្យមានការភាន់ច្រឡំ និង បាត់ទំនុកចិត្តលើការបោះឆ្នោត។

គ.ជ.ប បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយនេះ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ គ.ជ.ប។

គ.ជ.ប បានធានាអះអាងថា តាំងពីឆ្នាំ១៩៩៨មក គ.ជ.ប បានរៀបចំការបោះឆ្នោតសរុប ចំនួន ១៩ លើក យ៉ាងទៀងទាត់ ទៅតាមអាណត្តិ និងតាមច្បាប់ ដោយស្មារតីតរាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព ដូចមានចែងក្នុងបាវចនារបស់ខ្លួន៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់គ.ជ.ប៖