(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធ ការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួង ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត។
ជាក់ស្ដែង នៅថ្ងៃទី១៣ ដល់១៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ជំហានទី៣ តំបន់ទី៣ នៅសណ្ឋាគារពោធិ៍សាត់រីវើសាយ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកស្រីរដ្ឋលេខាធិការ រស់ សូរក្ខា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងខេត្តពោធិ៍សាត់ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨២រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៩ខេត្ត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(១)៖ ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ
(២)៖ បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង
(៣)៖ ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី៣) សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖
ទី១៖ ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
ទី២៖ ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
ទី៣៖ ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
ទី៤៖ រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕