(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគ្រប់ព្រះឋានានុក្រមទាំងអស់ បានប្រកាសប្តេជ្ញាគាំទ្រពេញទំហឹងចំពោះសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញ សមាហរណកម្មខេត្តជាប់ព្រំប្រទល់ដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំប្រទល់ដែននេះទៅជាព្រំប្រទល់ ដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ព្រះសង្ឃគណៈធម្មយុត្តិខ្មែរទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនជ្រុលនិយមទាំងឡាយ ដែលញុះញង់បង្កឱ្យមានចលាចលដល់ជាតិខ្មែរ ធ្វើឱ្យបែកបាក់សាមគ្គីគ្នាក្នុងដំណើរអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួបរួមសាមគ្គីគ្នាឯកភាពជាតិជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងស្ថេរភាព ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្នេហាជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ដ៏ឆ្នើមបំផុតគ្មានពីររបស់កម្ពុជា៕