(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Moon Jung Choi នាយកប្រតិបត្តិទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី​បើកសិក្ខាសាលាពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិលើគម្រោងការកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំ​នៅមធ្យមសិក្សា​បឋមភូមិនៅប្រទេសកម្ពុជា និងការតាំងបង្ហាញ​សៀវភៅសិក្សាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់រៀនថា្នក់ទី៧ ដល់ទី៩ ដែលសៀវភៅនេះនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំសិក្សាថ្មីនេះ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ Hyatt Regency ដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ លោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូឧទ្ទេស នៃវិទ្យាស្ថានគរុកោសល្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងមន្ត្រីអប់រំ និងមានសិស្ស​ឯកទេស ICT ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា កម្មវិធីសិក្សាដែលបានបង្ហាញតាមរយៈសៀវភៅសិក្សានេះ គឺចាប់ផ្តើមពីកំរិតមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កុំព្យូទ័រដូចជា៖ របៀបបើក និងបិទកុំព្យូទ័រ ហើយនាំសិស្សឱ្យបង្កើតកូដ​កុំព្យូទ័រនៅចុងបញ្ចប់ផងដែរ។

សិស្សជាច្រើននាក់បានបង្ហាញក្នុងវីដេអូឃ្លីបមួយ ក្នុងនោះមានប្អូនស្រី ហ៊ាង លីហួង ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុនសែនពោធិ៍រៀង បានឱ្យដឹងថា មុនគម្រោងនេះចាប់ផ្តើម នាងមិនបានដឹងថាអ្វីជាកុំព្យូទ័រទេ ប៉ុន្តែឥឡូវនាងអាចប្រើកម្មវិធីកុំព្យូទ័របានដូចជា៖ កម្មវិធីការិយាល័យ (Word) កម្មវិធីពិពណ៌ (PowerPoint) និងកម្មវិធី (Scratch) ជាដើម»។ សិស្សានុសិស្សនឹងភ្ជាប់ខ្លួនទៅកាន់ពិភពលោកកាន់តែទូលំទូលាយ​តាមរយៈអ៊ីមែល និងសារ(SNS)។ លើសពីនេះពួកគាត់អាចបង្ហាញគំនិតកាន់តែច្បាស់ និងមានប្រសិទ្ធភាពជាមួយនឹងកម្មវិធីការិយាល័យ និងកម្មវិធីពិពណ៌ (PowerPoint)។

ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងបញ្ជាកើថា គម្រោងនេះគឺជាការរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់ប្រជាពលរដ្ឋឌីជីថល ដែលនឹងដឹកនាំសេដ្ឋកិច្ច និងសង្គមឌីជីថល។

កម្មវិធីសិក្សា និងសៀវភៅសិក្សាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ថា្នក់ទី៧ ដល់ថ្នាក់ទី៩នេះ គឺជាផ្នែកមួយនៃសមិទ្ធិផលរបស់គម្រោងទាំងមូល។ តាមរយៈគម្រោងនេះទីភ្នាក់ងារសហ​ប្រតិបត្តិការ​អន្តរជាតិកូរ៉េ (KOICA) ក៏បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីសិក្សា និងសៀវភៅសិក្សាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ចំនួន ៩មុខសម្រាប់គរុនិស្សិតនៅមជ្ឈមណ្ឌល​គរុកោសល្យភូមិភាគ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា គម្រោងក៏បានផ្តល់វគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់គ្រូឧទ្ទេស និងគ្រូកំរិតមធ្យមសិក្សាបឋមភូមិ ព្រមទាំងបំពាក់បន្ទប់កុំព្យូទ័រចំនួន ៤៨បន្ទប់ ដល់សាលាអនុវិទ្យាល័យចំនួន២០ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ក្នុងខេត្តកំពង់ចាម ព្រៃវែង តាកែវ និងខេត្តកណ្តាល។ អ្នកចូលរួមទាំងអស់បានទស្សនាសមិទ្ធិផលទាំងនេះក្នុងរយៈពេល ៣ឆ្នាំកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា គម្រោងនេះគាំទ្រដល់ការលើកកម្ពស់សម្ភារៈបរិក្ខារទំនើប និងការកសាងសមត្ថភាពគ្រូបង្រៀន។ ពួកគាត់ទាំងអស់គឺ​ជាកូនសោរសំខាន់​ក្នុងការធ្វើឱ្យប្រសើរឡើង។ មិនត្រឹមតែតាមរយៈគម្រោងនេះប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងធនធាននិងសមត្ថភាពទាំងអស់របស់យើង រដ្ឋាភិបាលនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអប់រំ និងកំណែទម្រង់សាលារៀន ដើម្បីបង្កើនភាពងាយស្រួល និងគុណភាពនៃការអប់រំ។

លោកស្រី CHOI Moon Jung បានលើកឡើងពីតម្លៃពិតនៃគម្រោងនេះថា ជានិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត បើទោះបីជាគម្រោងនេះបានបញ្ចប់ក៏ដោយ។ គ្រូឧទ្ទេសចំនួន ១៥នាក់ បានទទួល​​បរិញ្ញាបត្រអនុបណ្ឌិត និងបានបង្កើតសៀវភៅសិក្សាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ថា្នក់ទី៧ ដល់ទី៩ដោយខ្លួនឯង។ សៀវភៅសិក្សាទាំងនេះ គឺជាភស្តុតាងនៃសមត្ថភាព និងសក្តានុពល​របស់កម្ពុជា។ លោកស្រីសង្ឃឹមថាពួកគាត់អាចនាំមកនូវអ្វីដែលល្អៗបន្ថែមទៀត ដើម្បីជំរុញការបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ជំនាន់ថ្មី។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះក៏មានពិធីប្រគល់អាហារូបករណ៍ដល់គរុនិស្សិតមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ សម្រាប់រយៈពេល ២ឆ្នាំកន្លះ ដែលនៅសល់គម្រោងនឹងផ្តោត​លើការបំប៉នសមត្ថភាពគរុនិស្សិត មុនចេញទៅបង្រៀនមុខវិជ្ចាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការកសាងសមត្ថភាពគ្រូបង្រៀននៅកំរិតមធ្យមសិក្សាបឋមភូមិផងដែរ៕