(វៀតណាម)៖ តាមការអញ្ជើញរបស់ក្រសួងវប្បធម៌ ទេសចរណ៍ កីឡាវៀតណាម និងក្រុមប្រឹក្សាអូឡាំអាស៊ី ចាប់ពីថ្ងៃទី ២៣-២៦ ខែកញ្ញា, លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណកម្មាធិការជាតិអឡាំពិកកម្ពុជា បានដឹកនាំប្រតិភូទេសចរណ៍ និងកីឡាទៅចូលរួមសន្និសិទ្ឋអន្តរជាតិ ស្តីពីទេសចរណ៍ និងកីឡា (Int'l Conference on Sport and Tourism) ចូលរួមមហាសន្និបាតិលើកទី៣៥ ក្រុមប្រឹក្សាកីឡាអាស៊ី និងព្រិត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៥ ASIAN Beach Games ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council Of Asia -OCA នៅទីក្រុង ដាណាង វៀតណាម ដោយមានការចូលរួម ពីលោកនាយករដ្ឋមន្ត្រីវៀតណាម, លោក Thomas Bach ប្រធានគណកម្មាធិការអូឡាំពិកអន្តរជាតិ, លោក Taleb Rifai អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក, ព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabah ប្រធានក្រុមប្រឹក្សា Olympic Asie (OCA) ថ្នាក់ដឹកនាំទេសចរណ៍ និងកីឡាជាច្រើនរូបទៀត ពិសេសមកពី៤២ប្រទេស (និងតំបន់) ក្នុងតំបន់អាស៊ី។

វិស័យទេចរណ៍ជា វិស័យនាំមុខខាងសេដ្ឋកិច្ចមួយ រីឯព្រិត្តិការណ៏កីឡា គឺជាផលិតផលទេសចរណ៍ ទ្រទ្រង់ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ។ វិស័យទេសចរណ៍ និងកីឡា ជាកម្លាំងជម្រុញឲ្យពិភពលោកកាន់តែក្លាយជាកន្លែងដែលមានការយោគយល់និង អធ្យាស្រ័យគ្នា។

នៅក្នងព្រិត្តិការណ៍ ប្រកួតកីឡាឆ្នេរខ្សាច់ អាស៊ី លើកទី៥ ដែលមានរយៈពេល១០ថ្ងៃនេះ (ប្រកួតពីថ្ងៃទី ២៥កញ្ញា-៣តុលា) កម្ពុជាយើង ក៏បានបញ្ជូន៥ប្រភេទកីឡា (ចំបាប់ឆ្នេរខ្សាច់ បាល់ទះឆ្នេរខ្សាច់ ប៉េតង់លើខ្សាច់ វ៉ូវីណាម និងល្បុក្កតោ ដែលមានអត្តពលិក ចំនួន៥២នាក់ចូលរួមប្រកួតផងដែរ៕