(ភ្នំពេញ)៖ មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា បានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្មសេដ្ឋកិច្ចរបស់ចិនទៅកាន់សកលោក។
ឯកឧត្តមបណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិនត្រូវបានលើកឡើង ដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ជាមួយប្រទេសនិងតំបន់ ដែលចូលរួមកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» នេះ។
បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលធ្វើឱ្យគម្រោង សហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើន ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា បានគ្របដណ្តប់លើគ្រប់វិស័យ ដូចជាកសិកម្ម ថាមពល ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម។
ឯកឧត្តមនិយាយដូច្នេះថា៖ «ប្រទេសចិនគឺជាប្រទេសដ៏ធំមួយ ដែលមានប្រជាជនប្រហែលជា ២០% នៃចំនួនប្រជាជនពិភព លោក ហើយក៏ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំទី២ នៅលើសាកលលោកផងដែរ។ ប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានការលូតលាស់សេដ្ឋកកិច្ច ក្នុងល្បឿនដ៏លឿនមួយ ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឆ្លងតាមរយៈការអនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួល ខាងពាណិជ្ជកម្ម និងវិនិយោគ ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ បន្ធូរបន្ថយលក្ខខណ្ឌ ស្តីពីការអនុញ្ញាតឱ្យចូលទីផ្សារ ក៏ដូចជាអនុវត្តគោលនយោបាយការពារកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្ម លំដាប់ឈានមុខលើឆាកអន្តរជាតិ»។
លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសចិន បាននឹងកំពុងបង្កើន និងព្យាយាមកសាងសហគមន៍ចំនួនពីរគឺ គឺសហគមន៍រួមជីវិត និងសហគមន៍រួមវាសនា។
លោកនិយាយដូច្នេះថា៖ «ទាក់ទងទៅនឹងកិច្ចសហប្រតិប្រតិបត្តិការជាមួយប្រទសផ្សេងៗ …ប្រទេសចិនបាននឹងកំពុងបង្កើន និងព្យាយាមកសាងសហគមន៍ចំនួនពីរគឺ គឺសហគមន៍រួមជីវិត និងសហគមន៍រួមវាសនា ហើយចិនជាប្រទេសមានមូលធន មនុស្សច្រើនជាងគេនៅលើពិភពលោក»។
លោកសាលសុខ វិស័យ ជាគរុនិស្សិតមួយរូបបានទទួលស្គាល់ថា តាមរយៈគំនិតផ្តូចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រទេសចិន បានផ្តល់នូវផលប្រយោជន៍ ជាច្រើនសម្រាប់ពិភពលោក ជាពិសេសកម្ពុជា៖ លោកនិយាយដូច្នេះថា៖ «ប្រទេសចិនបានជួយប្រទេសកម្ពុជាច្រើនដូចជាផ្លូវថ្នល់ ស្ពាន និងជំនួយផ្សេងលើគ្រប់វិស័យ»។
សូមបញ្ជាក់ថា «ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់ការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមចែករំលែក ហើយឆ្លងកាត់អរិយធម៌ វប្បធម៌ របបសង្គមផ្សេងៗគ្នានិងគម្លាតនៃដំណាក់កាលអភិវឌ្ឍន៍ ត្រួសត្រាយផ្លូវថ្មីសម្រាប់ការប្រាស្រ័យទាក់ទងរបស់ប្រទេសនានា កសាងក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងប្រមូលផ្តុំផលប្រយោជន៍រួមធំបំផុតនៃការអភិវឌ្ឍរួម របស់មនុស្សជាតិឆ្ពោះទៅកាន់ ដំណើរដ៏ស្វាហាប់នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដែលពឹងផ្អែកទៅវិញទៅមក ដោយត្រួសត្រាយមាគ៌ាថ្មីសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដើម្បីរួមគ្នាសម្រេចទំនើបកម្ម ដែលអភិវឌ្ឍដោយសន្តិវិធី សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសម្រចបាននូវវិបុលភាពរួមគ្នា៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន