(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតសាលាបឋមសិក្សា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី តំណាងសាលាបឋមសិក្សាមកពីទូទាំងប្រទេស និងមន្ទីរមុខងាសាធារណៈ ព្រមទាំងសិក្ខាកាមផ្សេងទៀតមានចំនួន៧៤១នាក់ ដើម្បីចែករំលែកបទពិសោធ ពីអង្គភាពជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូ និងទទួលព័ត៌មាននានាឆ្ពោះទៅកាន់ការប្រកួតប្រជែងនាឆ្នាំបន្ទាប់។
នាព្រឹកដដែលនេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំ ដែលជាម្ចាស់ជ័យលាភីលេខ១ ស្ទួន និងជួបផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រសាលាបឋមសិក្សាស្វាយជ្រុំផងដែរ។
ភ្លាមៗក្រោយពីបានទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំរួចមក លោកឧបនាយករដ្ឋមន្រ្តី បានបន្តមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ដើម្បីជួបផ្ទាល់ ស្តាប់ផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមនានាដោយផ្ទាល់ជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈ៕