(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាព Fresh News នៅថ្ងៃអាទិត្យនេះថា រហូតមកដល់ពេលនេះ គ.ជ.ប នៅមិនទាន់ត្រៀមជ្រើសរើសបេក្ខភាពថ្មីជំនួសតំណែង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅឡើយទេ បើទោះបីជាតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោស លោក ដាក់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ជុំវិញការរិះគន់មន្ត្រីតុលាការខេត្តសៀមរាប កាលពីឆ្នាំ២០១៥ក៏ដោយ។
លោក ហង្ស ពុទ្ធាបន្តថា ការធ្វើបែបនេះគឺជាការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកុំឲ្យមានការចោទប្រកាន់ថា មានការរំលោភសិទ្ធិគ្នា។ តាមនីតិវិធីច្បាប់របស់ គ.ជ.ប បានកំណត់ថា លុះត្រាណា លោក នី ចរិយា ក្លាយជាទណ្ឌិតពិតប្រាកដ ទើបតំណែងរបស់គាត់ត្រូវបានបាត់បង់ជាស្ថាពរ ហើយ គ.ជ.ប ក៏មានសិទ្ធិគ្រប់គ្រាន់ទៅតាមច្បាប់ ដើម្បីត្រៀមជ្រើសរើសបេក្ខភាពថ្មីជំនួសតំណែង លោក នី ចរិយា បានផងដែរ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ឲ្យដឹងថា «គ.ជ.ប មិនដែលគគិតទាល់តែសោះថា នឹងត្រៀមជ្រើសរើសបេក្ខភាពថ្មីជំនួសតំណែង លោក នី ចរិយា ពីព្រោះគាត់នៅមិនទាន់បាត់បង់តំណែងជាអគ្គលេខាធិការរង គ.ជ.ប នៅឡើយទេ។ តំណែងរបស់គាត់នៅមាននៅឡើយមិនទាន់បាត់បង់ ហើយករណី លោក នី ចរិយា គាត់នៅអាចប្តឹងបន្ត ទៅសាលាឧទ្ធរណ៍ដើម្បីតវ៉ាលើការផ្តន្ទាទោស របស់តុលាការក្រុងភ្នំពេញ។ ដំណើររឿង លោក នី ចរិយា នៅវែងឆ្ងាយទៀត គ.ជ.ប នៅមិនទាន់គិតគូរអ្វីនៅឡើយទេ។ ខ្ញុំសង្ឃឹមថា លោក នី ចរិយា នឹងតវ៉ាឬប្តឹងបន្តទៀតទៅតុលាការ»។
យ៉ាងណាក៏ដោយ មេធាវីការពារក្តីឲ្យ លោក នី ចរិយា ធ្លាប់បានប្រកាសហើយថា កូនក្តីរបស់គាត់ នឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆៃ បានប្រកាសសាលក្រមផ្តន្ទាទោស លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាបពីររូប។
ក្រៅពីបណ្តឹងនេះ បច្ចុប្បន្ន លោក នី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះផងដែរ៕