(មណ្ឌលគិរី)៖ លោក ប្រាក់ ប៊ុណ្ណារិទ្ធ ជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់នឹងព្រំដែនវៀតណាមរយៈពេល៣៧ឆ្នាំ បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) មិនធ្វើឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យ ឬបង្ហូរជាតិវៀតណាម មកនៅលើដីខ្មែរ ដូចការចោទប្រកាន់របស់នោះឡើយ។ ប៉ុន្តែតាមរយៈគម្រោងនេះ មូលដ្ឋានរបស់លោក បានអភិវឌ្ឍជាក់ស្តែង និងកំពុងប្រែប្រួលមុខមាត់យ៉ាងខ្លាំងបើប្រៀបធៀបនឹងអតីតកាល។
ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ពេលចុះទៅសម្ភាសដោយផ្ទាល់នៅស្រុកកែវសីមា លោក ប្រាក់ ប៊ុណ្ណារិទ្ធ បានបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ លោកបានរស់នៅក្នុងទីរួមខេត្តមណ្ឌលគិរី លុះមកដល់ឆ្នាំ១៩៩៦ លោកបានមករស់នៅតំបន់កែវសីមានេះ រហូតមកទល់បច្ចុប្បន្ន ដែលមានរយៈពេលសរុប៣៧ឆ្នាំមកហើយ តាំងពីមិនទាន់មានការអភិវឌ្ឍន៍ គ្មានផ្លូវខ្វាត់ខ្វែង គ្មានសូម្បីតែទឹកប្រើប្រាស់គ្រប់គ្រាន់ពេលនោះ។
លោកបន្តថា ក្រោយរាជរដ្ឋាភិបាល បានរៀបចំអភិវឌ្ឍមក នៅទីរួមខេត្តនេះមានការផ្លាស់ប្ដូរជាច្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកភ្លើងជាដើម ដែលនាំឱ្យមានប្រជាពលរដ្ឋនាំគ្នាមករស់នៅច្រើនកុះករជាងមុន។
ពលរដ្ឋម្ចាស់ស្រុករូបនេះ បានជឿជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA មិនធ្វើឱ្យបាត់បង់ទឹកដីឡើយ ដោយសារនៅតាមព្រំដែនមានការបោះបង្គោលច្បាស់លាស់ត្រឹមត្រូវ និងបណ្ដាប្រទេសផ្សេងៗ បានទទួលស្គាល់អំពីផែនទីរបស់ប្រទេសកម្ពុជាហើយ ដូច្នេះសម្រាប់រូបលោក និងពលរដ្ឋដែលរស់នៅតំបន់នោះផ្ទាល់ លោកមិនជឿទៅលើការញុះញង់របស់ជនបំផុសបំផុលព័តមាននៅក្រៅប្រទេសជាដាច់ខាត។
បើតាម លោក ប្រាក់ ប៊ុណ្ណារិទ្ធ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានទឹកដីជាប់ព្រំដែនវៀតណាមនេះ បច្ចុប្បន្នមិនមានជនជាតិវៀតណាមមកតាំងទីលំនៅ ឬប្រកបអាជីវកម្មនៅទីនេះនោះទេ ពោលគឺមានតែខ្មែរក្រោម ជនជាតិភាគតិច (ចាម) និងប្រជាពលខ្មែរតែប៉ុណ្ណោះ សម្រាប់ជនជាតិវៀតណាមវិញ គ្រាន់តែចេញចូល ដើម្បីមកដោះដូរទំនិញផ្សេងៗ ដែលនាំឱ្យប្រជាពលរដ្ឋខ្មែរ នៅតំបន់នោះអាចរកចំណូលបន្ថែមបានធូរធារជាងមុន។
មុនបញ្ចប់កិច្ចសម្ភាស លោក ប្រាក់ ប៊ុណ្ណារិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមកុំជឿលើជនអគតិមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) ដោយសារប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់គ្មានការភ័យខ្លាច ព្រួយបារម្ភនោះទេ។ ផ្ទុយទៅវិញមានការអភិវឌ្ឍនេះ នឹងនាំឲ្យមានការរីកចម្រើន និងសំណូមពរថា «សូមខ្មែរចេះរួបរួម ចេះស្រឡាញ់គ្នា កុំឱ្យមានជនឆ្លៀតឱកាសចូលមកបំបែកបំបាក់ជាតិសាសន៍ខ្មែរ»៕